តំបន់ដីសើមជាតំបន់ទេសចរណ៍ធម្មជាតិសម្បូរបែប និងជីវៈចម្រុះ នៅក្នុងប្រទេសកម្ពុជា ខណៈតំបន់នេះមានចំនួន៥

0
78

នៅក្នុងប្រទេសកម្ពុជា មានតំបន់រ៉ាមសារធំៗ ចំនួនប្រាំ រួមមាន តំបន់រ៉ាមសារបឹងទន្លេឆ្មារ, តំបន់រ៉ាមសារកោះកាពិ, តំបន់រ៉ាមសារស្ទឹងត្រែង, តំបន់រ៉ាមសារព្រែកទាល់ និងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់ដីសើមតូចៗ ជាច្រើនទៀត។

សម្រាប់តំបន់រ៉ាមសារបឹងទន្លេឆ្មារ៖ ស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា មានរុក្ខជាតិជាច្រើនប្រភេទ មានសត្វភេខ្លួនរលោង ខ្លាត្រី ពពួកសត្វស្លាបទឹក រនាលស រនាលពណ៌ ទុងប្រផេះ ពពួលទឹក ស្មោញ ត្រដក់តូច និងត្រដក់ធំ។

តំបន់រ៉ាមសារកោះកាពិ៖ ស្ថិតក្នុងខេត្តកោះកុង មានផ្ទៃដីទំហំ ១២ម៉ឺនហិកតា ជាប្រភពផ្តល់សារធាតុចិញ្ចឹម គាំទ្រដល់ការនេសាទតាមឆ្នេរសមុទ្រ។ ជាទីជម្រករបស់សត្វស្លាបកម្រ ដូចជាសត្វត្រយ៉ងយក្ស ពង្រួល និងស្វាព្រាមជាដើម។

តំបន់រ៉ាមសារស្ទឹងត្រែង៖ ស្ថិតនៅក្នុងទន្លេមេគង្គ ភាគខាងជើងនៃខេត្តស្ទឹងត្រែង មានផ្ទៃដីទំហំ ១ ៤៦០ ហិកតា ជាតំបន់ដែលមានសក្តានុពលផ្នែកអេកូទេសចរណ៍ និងជាទីជម្រកលាក់ខ្លួនក្នុងរដូវប្រាំង និងពងកូននៃត្រីមេពូជ ហើយក៏ជាទីជម្រករបស់សត្វស្លាបទឹកជាច្រើនប្រភេទផងដែរ។

តំបន់រ៉ាមសារព្រែកទាល់៖ ស្ថិតក្នុងខេត្តបាត់ដំបង មានទំហំ ២១ ៣៤២ ហិកតា ជាជម្រកសត្វស្លាបដ៏ធំនៅអាស៊ីអាគ្នេយ៍ និងជាតំបន់អេកូទេសចរណ៍ផងដែរ។

តំបន់រ៉ាមសារស្ទឹងសែន៖ ស្ថិតក្នុងខេត្តកំពង់ធំ មានផ្ទៃដីទំហំ ៩ ២៩៣ ហិកតា ជាទីជម្រកសម្រាប់ពពួកសត្វស្លាបជាង ៧៩ប្រភេទ ដូចជាស្មោញ ត្រដក់តូច ត្រដក់ធំ ទុងប្រផេះ អង្កត់ខ្មៅ អកត្រីក្បាលប្រផេះជាដើម និងថនិកសត្វប្រមាណ៩ប្រភេទផ្សេងទៀត។

តំបន់ដីសើម ឬ «តំបន់រ៉ាមសារ» គឺសំដៅទៅលើប្រព័ន្ធអេកូឡូស៊ីដាច់ដោយឡែកមួយ ដែលត្រូវបានជន់លិច ឬឆ្អែតដោយទឹក មិនថាជាអចិន្ត្រៃយ៍ពេញមួយឆ្នាំ ច្រើនទសវត្សរ៍ ឬតាមរដូវកាលឡើយ។

តំបន់ដីសើម ត្រូវបានចាត់ទុកថា ជាតំបន់ដែលមានជីវសាស្រ្តចម្រុះដ៏ច្រើនបំផុត នៃប្រព័ន្ធអេកូឡូស៊ីទាំងអស់ ដែលបានផ្តល់ជាប្រយោជន៍ដល់មនុស្ស ពពួករុក្ខជាតិ និងសត្វជាច្រើនប្រភេទ។

គួរបញ្ជាក់ថា តំបន់ដីសើម ឬតំបន់រ៉ាមសារ យើងអាចកត់សម្គាល់តំបន់ដីសើមទាំងនេះបាន តាមរយៈការសង្កេតលើលក្ខណៈសំខាន់ៗ មួយចំនួនមានដូចជា តំបន់ដែលផ្តល់តម្លៃផ្នែកសង្គម វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន ជួយបន្សុទ្ធទឹក និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាដើម។ តំបន់ដីសើម បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់មនុស្ស សត្វ និងរុក្ខជាតិ៕