ត្រឹមរយៈ៨ខែសោះ រាជរដ្ឋាភិបាលកម្ពុជាបង្កើតការងារជិត ៦ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងស្រុក ខណៈអគ្គីសនីបញ្ចុះតម្លៃលើវិស័យកសិកម្ម និង វិស័យឧស្សាហកម្ម

0
82

ត្រឹមរយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន ១,១៨៨ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត៦ម៉ឺនកន្លែង(៥៩,៦៣១)។ ក្នុងនោះ សហគ្រាសគ្រឹះស្ថាន​វិស័យកាត់ដេរបើកថ្មីមានចំនួន៧៩ ផ្តល់ការងារថ្មីបានជិត៣ម៉ឺន៣ពាន់នាក់ (៣២,៥៥១នាក់) រីឯសហគ្រាស​គ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន១,១០៩ ផ្តល់ការងារថ្មីបានជាង២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។

ជាក់ស្តែងគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជីការសរុបចំនួន ១៧,៦៨៤ មានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៣៣៧ ដែលមានកម្មករនិយោជិតសរុបជាង៨៣ម៉ឺននាក់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងបន្តអនុវត្តទិសដៅក្នុងការរក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេសផងដែរ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយ​កម្មករនិយោជិត​រោងចក្រកាត់ដេរនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏បានបង្ហាញ អំពីវឌ្ឍនភាពការងារអាទិភាព ដែលក្រសួងត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះផងដែរ។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា នឹងបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃ និងកំណត់លក្ខខណ្ឌវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់ និងសហការ​ជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។ កម្មវិធីនេះ នឹងចូលរួមជំរុញ លើកទឹកចិត្តដល់រោងចក្រ សហគ្រាស បង្កើនការប្រកួតប្រជែងទាំងបរិយាកាសការងារ និងផលិត​ភាពការងារ ក្នុងរោងចក្រ សហគ្រាសនីមួយៗកាន់តែខ្លាំង។

គួរបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា   រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំកិច្ចប្រជុំជាមួយ​វិស័យឯកជន នាខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅ​បង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញ និងជំរុញវិនិយោគក្នុងប្រទេសកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេស​មកកម្ពុជា​បន្ថែមទៀត កាលពី ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានចេញសេចក្តីប្រកាស អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់នូវបរិស្ថានវិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត បើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាព​អំណោយផលសម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕