ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ណែនាំមន្ដ្រីយុត្ដិធម៌ត្រូវប្រកាន់យកភាពត្រឹមត្រូវនិងសច្ចធម៌ពេលបំពេញការងារ ខណៈនៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌

0
444

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានផ្តាំផ្ញើ និងណែនាំគោលការណ៍ការងារមួយចំនួនដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សាចំនួន៥៥នាក់ ដែលនឹងចូលបំពេញការងារក្នុងវិជ្ជាជីវៈជាចៅក្រម ឬព្រះរាជអាជ្ញាតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរៀងៗខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការអនុវត្តច្បាប់ និងការអនុវត្តការងាររបស់ខ្លួនត្រូវប្រកាន់យកឱ្យបានជាដាច់ខាតនូវភាពត្រឹមត្រូវ និងសច្ចធម៌ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ពេលនៅចំពោះមុខចៅក្រម គឺនិយាយពីច្បាប់! នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌! នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ! នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌!។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ និងក្នុងនាមជាមន្ត្រីយុត្តិធម៌ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសពេលប្រជាពលរដ្ឋទទួលរងការរំលោភបំពានដោយអយុត្តិធម៌។ រដ្ឋមន្ត្រីថា ត្រូវធ្វើខ្លួនជាសេនាការពារដែលមិនអាចខ្វះបានដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

ចំណែក លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ បានលើកឡើងថា ប្រព័ន្ធយុត្តិធម៌ជាពិសេសតុលាគឺជាស្ថាប័នមួយសំខាន់ណាស់ ដូច្នេះចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ដែលចេញទៅប្រកបវិជ្ជាជីវៈត្រូវតែប្រកាន់នូវក្រមសីលធម៌ និងយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ជាការកត់សម្គាល់ កន្លងទៅនេះឯកឧត្តមកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានជំរុញឱ្យប្រធានសាលាដំបូង ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ក្នុងបទល្មើសគ្រឿងញៀន, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ប្លន់, ក្មេងទំនើង និងបទល្មើសផ្សេងៗទៀត ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕