ភ្នំពេញ៖ ក្រោយបានឃើញការចែករំលែកលើបណ្តាញសង្គមហ្វេសបុករបស់ក្រុមស្ត្រីខ្មែរចំនួន៧រូប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង អាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះបានឆបា់ត្រឡប់មកដល់ប្រទេសកម្ពុជា ដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយមិត្តរបស់ខ្លួនវិញ។
ពាក់ព័ន្ធករណីជួញដូរនេះ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរចំនួន ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។
ក្រោយពីបានទទួលពត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមពីអជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។
ជាលទ្ធផលនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នារីខ្មែរ ៦រូប ត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ស្ថានទូតបាននិងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ១រូបទៀត។
ការជួយសង្គ្រោះនារីខ្មែរទាំង៧រូបនេះ បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និងការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានគិតគូរខ្ពស់អំពីសុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕