អង្ករពូជស្រូវសែនក្រអូបកម្ពុជាបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ដែលជាកម្មវិធីដែលរៀបចំដោយ វិទ្យាសាស្រ្តស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្ត Guangxi និងមជ្ឈមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន។ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ជាការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន៦១ ដែលក្នុងនោះមានសំណាកអង្ករ១២ប្រភេទមកពីបណ្ដាប្រទេសអាស៊ានចំនួន៥ប្រទេស និងចំនួន៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះផលិតស្រូវនៅប្រទេសចិន។
សហព័ន្ធស្រូវអង្ករកម្ពុជា គូសបញ្ជាក់ថា អង្ករម៉ាកសមូហភាពSKO ដែលមានពូជស្រូវឈ្មោះសែនក្រអូព ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងៗទៀត។
ថ្លែងក្នុងឱកាសនៃការទទួលបានពានរង្វាន់មាសនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានធ្វើការអំពាវនាវដល់ប្រជាកសិករទាំងអស់ បន្តខិតខំការងារដាំដុះដែលប្រកបដោយគុណភាពនិងមោទនភាពនេះជាបន្តទៀត។ ព្រោះការទទួលបានពានរង្វាន់មាសនេះ នឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើងនិងមានទីផ្សារកាន់តែទូលំទូលាយថែមទៀត។
គួរបញ្ជាក់ថា ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវ ដែលត្រូវបានដាំដុះដោយប្រជាកសិករតាំងពីពាក់កណ្ដាលទស្សវត្ស៩០មក ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ។ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា និងស្ថាប័នពាក់ព័ន្ធ បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់។ ក្រោយឆ្លងកាត់ការសិក្សា និងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រិតសម្រាំងរហូតទទួលបានពូជស្រូវសែក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ដែលមានឈ្មោះថា ពូជស្រូវសែនក្រអូប០១៕