NEA៖ ឱកាសការងារក្នុងស្រុក ចំនួន ២៥,៥៩៧  កន្លែង កំពុងរងចាំបងប្អូនចូលបម្រើការ

0
647

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)  នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណៈជន នូវឱកាសការងារក្នុងស្រុក មានចំនួន ២៥,៥៩៧ កន្លែង ក្នុងវិស័យសំខាន់ៗបី នៃខេត្តចំនួន ១០ សម្រាប់បងប្អូនងាយស្រួលជ្រើសរើសចូលបម្រើការងារ។ នេះបើតាមការចេញផ្សាយពីទីភ្ងាក់ងារមុខរបរ និងការងារ។

ការផ្តល់ឱកាសការងារក្នុងស្រុក សរុប ២៥,៥៩៧កន្លែង ក្នុងនោះមានបីវិស័យគឺ វិស័យឧស្សាហកម្ម ចំនួន ១៦,៤៨៣កន្លែង វិស័យសេវាកម្ម ចំនួន ២,៣៣៧កន្លែង និងវិស័យកសិកម្ម ចំនួន ៦,៧៧៧កន្លែង។ បន្ថែមពីនេះ ឱកាសការងារ មាននៅក្នុងខេត្តចំនួន ១០ មានខេត្តកំពង់ស្ពឺ ៩,២២៣កន្លែង ខេត្តរតនគិរី ៦,៦០០កន្លែង ខេត្តកណ្តាល ២,២៥០កន្លែង ខេត្តកំពង់ឆ្នាំង ១,១៥០កន្លែង ខេត្តកំពង់ចាម ១,១០៤កន្លែង ខេត្តក្រចេះ ១,០៩០កន្លែង រាជធានីភ្នំពេញ ១,១០៣កន្លែង ខេត្តពោធិ៍សាត់ ១,០៩៨កន្លែង ខេត្តបន្ទាយមានជ័យ ៦១៦កន្លែង ខេត្តកោះកុង ៤២៩កន្លែង និងខេត្តផ្សេងៗទៀត ៩៣៤កន្លែង។

ទន្ទឹមគ្នានោះ មានមុខរបរចំនួន ១០ ប្រភេទ សម្រាប់បងប្អូនជ្រើសរើសតាមចំណង់ចំណូលចិត្ត និងជំនាញរបស់ខ្លួន ដែលមាន អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចំការដំណាំ អ្នកដោះខាត់លោហៈ អ្នកក្រឡឹងកង់និងអ្នកសំលៀងឧបករណ៍ អ្នកប្រឹក្សាយោបល់ខាងហិរញ្ញវត្ថុនិងវិនិយោគទុន មន្ត្រីឥណទាននិងប្រាក់កម្ចី អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត អ្នកបម្រើ(Waiters) នាយកគ្រប់គ្រងការផ្គត់ផ្គង់ការចែកចាយនិងពាក់ព័ន្ធ វិជ្ជាជីវៈខាងការផ្សព្វផ្សាយនិងទីផ្សារ អ្នកបោកគក់និងអ្នកអ៊ុតដោយប្រើដៃ និងមុខរបរផ្សេងៗទៀត។

តាមរយះការចេញផ្សាយរបស់ក្រសួង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ ០៧៧ ២៣ ២៣ ៧៨ ឬ ០១៦ ៧៨ ៦៦ ៥៥ (Telegram)។

សូមបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយឱកាសការងារនេះ កាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្រសួងបាននឹងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ ពីវិស័យការងាររបស់ប្រជាពលរដ្ឋ និងព្យាយាមបង្កើនបន្ថែមទៀត ដើម្បីការកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា៕