ទឹកទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែងបានស្រកចុះវិញ ខណៈមានភ្លៀងធ្លាក់តិចទួច

0
42

ស្ទឹងត្រែង៖ យោងតាម លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែងបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកទន្លេទាំង៤នៅក្នុងខេត្តស្ទឹងត្រែង បានស្រកចុះវិញ មានទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេតំបន់វារីអគ្គិសនីសេសានក្រោម២ ខណៈមានភ្លៀងធ្លាក់រាយប៉ាយខ្លះៗនៅតាមតំបន់ទន្លេមេគង្គ ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង នេះបើតាមការឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។

ប្រធានមន្ទីររូបនេះបានបន្តថា ក្នុងរយៈពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ពីតិចទៅបង្គួរ និងលាយលំទៅដោយខ្យល់កន្ត្រាក់ផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះអាកាសធាតុបែបនេះ ជាពិសេសបងប្អូនដែលរស់នៅតាមដងទន្លេខាងលើ។

លោកបន្តថា នៅក្នុងរដូវវស្សានេះ ទឹកទន្លេហក់ឡើងចុះ មិនទៀងទាត់នោះទេ អាស្រ័យទៅលើអាកាសធាតុមានភ្លៀងធ្លាក់នៅតាមតំបន់មេគង្គ និងប្រទេសជិតខាងដែលជាប់ទន្លេមេគង្គផងដែរ៕