ទំហំទឹកប្រាក់សរុបចំនួន ៩៧.២ពាន់លានដុល្លារ ស្មើនឹងគម្រោងអភិវឌ្ឍន៍សរុបចំនួន ៤៥៨គម្រោង ដែលប្រទេសចិនបាន ចុះហត្ថលេខានៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវជាមួយបណ្តាប្រទេសជាដែគូរ

0
620

ចិន៖ បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានឱ្យដឹងថា ប្រទេសចិនសម្រេចបានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រាប់ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវជាមួយបណ្តាប្រទេសជាដៃគូក្នុងទំហំទឹកប្រាក់សរុបចំនួន ៩៧.២ពាន់លានដុល្លារ ស្មើនឹងគម្រោងអភិវឌ្ឍន៍សរុបចំនួន ៤៥៨គម្រោង។

រដ្ឋមន្ត្រីការបរទេសចិន បានបន្តបញ្ជាក់ពីចក្ខុវិស័យនៃគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវថា នឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បៃតងនិងប្រកបដោយនិរន្តភាព ខណៈមហាគម្រោងជាច្រើនកំពុងស្ថិតនៅក្រោមការសិក្សាសម្រាប់ការអភិវឌ្ឍន៍ដើម្បីជំរុញនិងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។

គួរជម្រាបថា វេទិកាកិច្ចប្រជុំនៃគម្រោងខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនក្នុងទីក្រុងប៉េកាំងសម្រាប់ឆ្នាំនេះ មានការចូលរួមពីក្រុមអ្នកតំណាងមកពីបណ្តាប្រទេសជាដៃគូចំនួន ១៣០ប្រទេស ភាគច្រើនជារដ្ឋស្ថិតនៅក្នុងតំបន់អាស៊ី អាហ្រ្វិក និងមជ្ឈិមបូព៌ា ដោយក្នុងនោះក៏មានទាំងក្រុមប្រមុខរដ្ឋសំខាន់ៗមួយចំនួន ដែលរួមមានជាអាទិ៍ លោកប្រធានាធិបតីពូទីន និងនាយករដ្ឋមន្រ្តីប្រទេសហុងគ្រីលោក Viktor Orbán ជាដើម ៕