ធនាគារជាតិ និងក្រសួងអប់រំ ចុះអនុស្សរណៈយោគយល់រួមគ្នាដើម្បីដាក់បញ្ចូល ផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ដំណាក់កាលទី៣

0
74

ភ្នំពេញ៖ នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជននិងកីឡាបានចុះអនុស្សរណៈយោគយល់រួមគ្នាមួយក្នុងការដាក់បញ្ចូលនៃការអនុវត្តគម្រោងបញ្រ្ជាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ នៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣ ដែលក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹងហិរញ្ញវត្ថុ ដល់សិស្សានុសិស្សបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំទៅថ្ងៃអនាគត។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអនុវត្តគម្រោងបញ្ច្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣” លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាជំនាញដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងវិវត្តន៍ជាប្រចាំ ដែលការផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ ហិរញ្ញវត្ថុ ដូចជា ការយល់ដឹងអំពីប្រាក់ ការវិនិយោគ និងការចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ ជាការងារចាំបាច់ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតហិរញ្ញវត្ថុរបស់ពួកគេ។ លោកជំទាវបញ្ជាក់ថា កង្វះចំណេះដឹង ផ្នែកហិរញ្ញវត្ថុអាចធ្វើឱ្យសិស្សានុសិស្ស ឬយុវជនអាចប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុរបស់ពួកគេ ដូចជា ធ្លាក់ក្នុងស្ថានភាពមានបំណុល ឬការវិនិយោគមិនល្អ ដែលបណ្តាលមកពីការសម្រេចចិត្តមិនត្រឹមត្រូវ។

លោកជំទាវអគ្គទេសាភិបាលបានបញ្ជាក់បន្ថែមថា ការពិភាក្សាលើគម្រោងបញ្ញាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ បានធ្វើឡើងជាបន្តបន្ទាប់រវាងក្រុមការងាររបស់ធនាគារជាតិនៃកម្ពុជានិង ក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០១៧។ លោកជំទាវបន្ដថា ការអនុវត្ដគម្រោងនេះ សំដៅធ្វើយ៉ាងណានឹងបញ្ចូលនូវព័ត៌មានលម្អិតសំខាន់ៗ ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅលើប្រធានបទជាក់លាក់ ជាពិសេសបានបញ្ចូលនូវសំណួរ រម្លឹកមេរៀននៅរាល់ចុងបញ្ចប់នៃមេរៀននីមួយៗ ដើម្បីទាញការចាប់អារម្មណ៍របស់សិស្ស លើខ្លឹមសារមេរៀននិងអាចផ្លាស់ប្តូរអាកប្បកិរិយាទៅតាមប្រធានបទដែលបានសិក្សា។

លោកជំទាវអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងឱ្យដឹងទៀតថា ការអនុវត្តគម្រោងមានការអូសបន្លាយពេលវេលា ដោយការរីករាលដាលនៃ ជំងឺកូវីដ១៩ ដែលធ្វើឱ្យផ្នែកខ្លះនៃគម្រោងមិនអាចអនុវត្តន៍បានទាន់ពេលវេលា ជាពិសេស គឺការបង្រៀនសាកល្បង។ លោកជំទាវបានលើកឡើងថា  មកដល់ពេលនេះ ការអនុវត្តគម្រោងបញ្ញាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សា ចំណេះទូទៅបានឈានដល់ ដំណាក់កាលទី៣ ដំណាក់កាលចុងក្រោយ ហើយជាការងារដែលមានទ្រង់ទ្រាយធំនិងមានរយៈពេលបីឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០២៤ រហូតដល់ ឆ្នាំ២០២៦។

ជាមួយគ្នានេះដែរ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា  បានមានប្រសាសន៍ថា នេះគឺជាដំណាក់កាលទី៣ដែលជាដំណាក់កាលចុងក្រោយនៃការអនុវត្តគម្រោង ហើយវាជាដំណាក់កាលសំខាន់សម្រាប់ការយកទៅអនុវត្តន៍។ លោកជំទាវបានគូសបញ្ជាក់ថា ការដាក់បញ្ចូលចំណេះដឹង ផ្នែកហិរញ្ញវត្ថុ នៅក្នុងកម្មវិធីសិក្សាចំណេះទូទៅនេះដែរ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី។

សូមជម្រាបជូនថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នានេះគឺ ជាលើកទី២ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា សំដៅបញ្ញ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ  ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងការលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុឌីជីថលផងដែរ។សម្រាប់ការអនុវត្តគម្រោងនេះ ត្រូវធ្វើឡើងរយៈពេល ៣ឆ្នាំ ដោយក្នុងនោះ ឆ្នាំ២០២៤ (ថ្នាក់ទី៥, ៨ និង ១១) ឆ្នាំ២០២៥ (ថ្នាក់ទី៦, ៩ និង ១២) និងឆ្នាំ២០២៦(ថ្នាក់ទី១០ និងមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋានចំពោះគ្រប់ថ្នាក់)៕