នាព្រឹកនេះ រដ្ឋសភាបោះឆ្នោតជ្រើសតាំងឯកឧត្តម សុខ ឥសាននិងឯកឧត្តមហេង ហាលីម ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥

0
34

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ខែមីនា ឆ្នាំ២០២៤នេះ សមាជិករដ្ឋសភាបានបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ចំនួន២រូប គឺឯកឧត្តម សុខ ឥសាន និងឯកឧត្តម ហេង ហាលីម។

ការបោះឆ្នោតនេះធ្វើឡើងក្នុងប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភាចូលរួមបោះឆ្នោតចំនួន១១៣រូប។

ជាមួយគ្នានេះ ក្នុងសម័យប្រជុំបានការបោះឆ្នោតជ្រើសតាំ​ សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយលទ្ធផល អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម សុខ ឥសាន និង ឯកឧត្តម ហេង ហាលីម ក្នុងចំណោមបេក្ខជន៤រូបបានឈ្មោះមាន៖ឯកឧត្តម សុខ ឥសាន  ឯកឧត្តម ហេង ហាលីម  ឯកឧត្តម អ៊ា ឃីម៉េង និងលោកទេពកោសល្យ ។

សូមជម្រាបថាសមាជិកព្រឹទ្ធសភានីតិកាលទី៥មានចំនួនសរុប៦២រូប ក្នុងនោះសមាជិកកើតចេញពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨រូប  សមាជិកចេញពីការបោះឆ្នោតដោយរដ្ឋសភាចំនួន២រូប និង២រូបជ្រើសដោយព្រះមហាក្សត្រ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ។ជាលទ្ធផលមានតែគណបក្សចំនួន២ទទួលបានអាសនៈគឺគណបក្សប្រជាជនកម្ពុជាទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទះខ្មែរចំនួន៣អាសនៈ៕