ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះពលរដ្ឋថា «រាជរដ្ឋាភិបាលកម្ពុជា មិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ»។ ការបញ្ជាក់បែបនេះ ក្នុងឱកាសដែលបានអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បន្តលើកលែងពន្ធដែលបានដាក់ចេញកន្លងទៅ និងមិនយកពន្ធបន្ថែមអ្វីពីពលរដ្ឋទេ សូមកុំយល់ច្រឡំ ឬកុំជឿលើការញុះញង់ពីអ្នកណា»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាពន្ធ បងប្អូននឹងដឹងហើយនាខែវិច្ឆិកាខាងមុខ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងវិស័យឯកជន ពេលនោះនឹងដឹងថា រាជរដ្ឋាភិបាលគិតគូរបន្ថូរបន្ថយអ្វីខ្លះ ។ សម្ដេចធិបតីបានបញ្ជាក់ថា នឹងផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការលើកឡើងពីតម្រូវការ និងការចង់បានរបស់វិស័យឯកជន ដើម្បីយកមកធ្វើការដោះស្រាយ និងបំពេញបន្ថែម ខណៈវិស័យឯកជន គឺជាអ្នកបង្កើតការងារឱ្យប្រជាពលរដ្ឋ៕