នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដើម្បីស្តារនិងជំរុញកំណើនឲ្យងើបឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩

0
605

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

ក្នុងការអញ្ជើញប្រកាសនេះដែរ បរិការណ៍ នៃការធ្លាក់ចុះនៃសន្ទុះកំណើនសេដ្ឋកិច្ចសកល ដោយវិបត្តិនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងទៀត កម្ពុជាមានភាពចាំបាច់ ក្នុងការពន្លឿនការអនុវត្តកិច្ចការកែទម្រង់ ជារចនាសម្ព័ន្ធឲ្យកាន់តែខ្លាំងក្លាថែមទៀត និងស្វែងរកសក្តានុពលថ្មីៗ ដើម្បីស្តារនិងជំរុញកំណើនឲ្យងើបឡើងវិញ ត្រឡប់មកលើបន្ទាត់សក្តានុពល ជាពិសេសកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ទៅនឹងវិបត្តិ។

រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យអនុវត្តនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាមួយនឹងចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចចូលរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យនេះ ព្រមទាំងធានាប្រសិទ្ធភាព និងសមភាព សមស្របទៅនឹងបរិបទកម្ពុជា យុទ្ធសាស្ត្រជាតិនេះបានកំណត់អាទិភាពជាយុទ្ធសាស្ត្រចំនួន៥ រួមមាន​៖ ១.ការកំណត់ការកែសម្រួល និងការរៀបចំយន្តបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ ២.ការកាត់បន្ថយបន្ទុកទៅលើការបំពេញអនុលោមភាព ៣.ការផ្តល់ការគាំពារ និងការគាំទ្រ ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ៤.ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ និង៥.ការពង្រឹង និងពង្រីកការផ្សព្វផ្សាយ និងការលើកម្ពស់ការយល់ដឹង និងការចូលរួម៕

គួរបញ្ជាក់ផងដែរថា យោងតាមសៀវភៅយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលរៀបចំដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសក្តានុពលដ៏ធំ សម្រាប់ការរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ របស់យើង។ តួយ៉ាងប្រជាជនកម្ពុជា ដែលប្រកបមុខរបរ និងធ្វើការងារភាគច្រើន គឺនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទាន់ចូលរួមចំណែកឲ្យបានពេញលេញក្នុងការដំណើរការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជានៅឡើយ ដោយផលិតភាពពលកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច នៃសកម្មភាពទាំងនោះ នៅមានកម្រិតទាប៕