នាយករដ្ឋមន្ត្រីកម្ពុជា៖ សុវត្ថិភាពនិស្សិតខ្មែរកំពុងមានវត្តមាននៅអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ខណៈនិស្សិតចំនួន៣២៣នាក់ ត្រូវបានជម្លៀស

0
1058

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សុវត្ថិភាពរបស់និស្សិតខ្មែរ និងពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ខណៈនិស្សិតចំនួន៣២៣នាក់ ក្នុងចំណោម ៤៥៤នាក់ ត្រូវបានជម្លៀសមកទីតាំងមានសុវត្ថិភាពហើយ ។

ការថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតីប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិ ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ​នៅសណ្ឋាគារសុខាភ្នំពេញ ​នាថ្ងៃទី១០ ខែតុលា ​ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គិតមកដល់ម៉ោងនេះ ​និស្សិត និងពលរដ្ឋខ្មែរ ដែលកំពុង​ស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៣២៣នាក់ ​ក្នុងចំណោមនិស្សិត​ និងពលរដ្ឋសរុប ៤៥៤នាក់ ត្រូវបានជម្លៀសមកទីតាំងសុវត្ថិតភាពហើយ ​ដោយរាជរដ្ឋាភិបាលកម្ពុជា​បាន​ប្រមូល​ទិន្នន័យ​និង​ព័ត៌មានរបស់​ពួកគាត់រួចហើយដែរ ដោយរហូតដល់​បង្កើត​ជាក្រុម​តេលេក្រាម​មួយដើម្បី​ទាក់ទង​គ្នាជាប្រចាំផងដែរ។

យ៉ាងណាក៏ដោយសម្តេចធិបតី ​ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី ​ក៏បាន​បានណែនាំ​ដល់ភាគីពាក់ព័ន្ធ​ទាំងអស់ជា​ពិសេសអគ្គកុងស៊ុលប្រចាំ​នៅប្រទេសអ៊ីស្រាអែល និង​ក្រសួងការបរទេស​ត្រូវ​ស្រង់​ទិន្នន័យ​ចំពោះ​និស្សិត និងពលរដ្ឋខ្មែរចំនួន១៣១ទៀត ឲ្យ​បានច្បាស់លាស់ថា​ពួកគាត់​នៅ​ទីណាឲ្យច្បាស់ ​ដើម្បីងាយស្រួលទាក់ទងគាត់​ និង​ជួយ​អន្តរាគមន៍​ពួកគាត់​ឲ្យបានទាន់​ពេលវេលា។

សូមបញ្ជាក់ថា ​ក្រោយ​ការវាយប្រហារ​គ្នា​រវាង​កងទ័ពអ៊ីស្រាអែល​ និងក្រុមហាម៉ាស់ ​កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ បានបណ្តាលឲ្យ​និស្សិតខ្មែរម្នាក់​ដែល​មាន​ឈ្មោះថា ចាន់ ឧត្តម ជា​និស្សិត​ផ្នែក​កសិកម្ម​បាន​បាត់បង់ជីវិតភ្លាមៗ ក្នុងឧបទ្ទវហេតុដ៏រន្ធត់នោះ៕