ភ្នំពេញ៖ ប្រទេសកម្ពុជា មិនមានជម្លោះសាសនានោះទេ ដែលនេះជាមោទនភាពមួយរបស់ប្រជាជាតិកម្ពុជា ក្នុងការរក្សាបាននូវសុខដុមរមនាសាសនា ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងមានជម្លោះសាសនាបណ្ដាលឱ្យពលរដ្ឋរាប់ម៉ឺននាក់រងគ្រោះ និងស្លាប់។នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហា និកាយកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយសិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗដោយគ្មានការរើសអើងឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជាគ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនារបស់ពួកគាត់ឡើយ ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដ៏ទៃ ក៏ដូចជាដល់សណ្ដាប់ធ្នាប់សង្គម និងសន្ដិសុខសាធារណៈនោះទេ។
នាយករដ្ឋមន្តី្រនៃកម្ពូជាបានសង្កត់ធ្ងន់ថា «យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើនដែលមិនអាចធានាបាននូវសុខដុមរមនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតទៅដល់បង្កើតជាសង្គ្រាម ធ្វើឱ្យមនុស្សរាប់រយរាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់»។
សូមជម្រាបថា តាមរយៈការរក្សាបាននូវ សុខសន្ដិភាព និងស្ថិរភាព នយោបាយ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានវត្តអារាមព្រះពុទ្ធសាសនាចំនួន ៥១៣៣ វត្ត និងមានព្រះសង្ឃចំនួន ៦៨៩៦៧ អង្គ។ ក្រៅពីនេះសាសនាដ៏ទៃទៀតដូចជាគ្រិស្ដសានា និងអ៊ិស្លាមសាសនា ក៏កំពុងអនុវត្តជំនឿសាសនារបស់ខ្លួនប្រកបដោយភាពសុខដុមរមនាសាសនានៅក្នុងប្រទេសកម្ពុជាផងដែរ៕