ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា នេះ សម្តេចធិបតីបានមានប្រសាសន៍ថា «ទឹកជំនន់ បានកើតឡើងក្នុងប្រទេសរបស់យើង ហើយបានកើតឡើងនៅតាមបណ្ដាខេត្តមួយចំនួន»។
ក្នុងសារសំឡេង សម្តេចធិបតីក៏បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវក្តាប់ឲ្យជាប់តាមដានសភាពការណ៍ និងដោះស្រាយឲ្យបានទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់លើការជួយសង្គ្រោះប្រជាពលរដ្ឋ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ។
នាយករដ្ឋមន្ត្រីកម្ពុជាបន្ថែមថា «ក្នុងកាលៈទេសៈនេះត្រូវត្រៀមមធ្យោបាយសម្ភារធ្វើយ៉ាងណាសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងករណីដែលមានទឹកជំនន់ »។ សម្តេចធិបតីបានណែនាំដល់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទីមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវតាមដានឲ្យជាប់ និងសហការជាមួយអភិបាលរាជធានីខេត្ត ដើម្បីត្រៀមមធ្យោបាយ អន្តរាគមន៍សង្គ្រោះ»។
សម្តេចធិបតី បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមសហការការសម្របសម្រួល ក្នុងករណីមានការស្នើសុំស្បៀង សម្ភារបរិក្ខារចាំបាច់ពីអភិបាលរាជធានីខេត្ត ។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានបញ្ជាឲ្យក្រសួងកសិកម្ម ត្រូវត្រៀមស្រូវពូជ សម្ភារផ្សេងៗក្នុងករណីដែលមានផលប៉ះពាល់ដំណាំដែលយើងត្រូវស្ដារឡើងវិញ ដូចដែលបានធ្វើកន្លងទៅ ។
គួរបញ្ជាក់ថា ក្នុងសារសម្លេងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឲ្យមេបញ្ជាការ អគ្គស្នងការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស សូមត្រៀមលក្ខណៈត្រៀមមធ្យោបាយ កម្លាំង និងសម្ភារៈចាំបាច់ក្នុងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋតំបន់រងផលប៉ះពាល់ដោយទឹកជំនន់៕