នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបន្តជំរុញការកែទម្រង់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ

0
308

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា បានប្រកាសបន្តវរភាពគំរូ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោតលើការ លើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។

តាមរយៈ សារលិខិត អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ នៅព្រឹកថ្ងៃទី០៧ធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី បានគូសបញ្ជាក់ថា  ដើម្បីជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច រាជរដ្ឋាភិបាលសូមផ្ដោតអាទិភាព លើការងារចំនួន៥គឺ៖ ទី១- ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផលប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។ ទី២- ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និងវិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ចនិងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ។

ទី៣- ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្ត ផ្អែកលើ គុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ចដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ ទី៤- ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ។

 

និង ទី៥- ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមសា្ថប័នសាធារណៈ។

 

រាជរដ្ឋាភិបាលក៏សូមកោតសរសើរដល់រាល់ការប្រឹងប្រែងរែកពុនភារកិច្ចជាតិ-អន្តរជាតិ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបំពេញកន្លងមក ដោយនាំមកនូវទំនុកចិត្ត ការគាំទ្រ និងការចូលរួមដ៏កុះករពីសំណាក់ ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងមហាជនទូទៅ យ៉ាងរឹងមាំ។

ក្រោមពាក្យស្លោក«បម្រើផលប្រយោជន៍ប្រជាជនជាចម្បង ៖ផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់» សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះ សម្ដេចធិបតី សូមគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់យើងបន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយរបស់យើង គឺសង្គមស្អាតស្អំបវររុងរឿង៕