នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់អនុសាសន៍មួយចំនួន សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តបន្ត

0
281

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយចំនួនក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ធ្នូនេះ សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយក​ទៅអនុវត្តបន្ត មានដូចជា៖ (១) បន្តសហការឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសង្គម​ចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង ឱ្យក្លាយជា «បុរីជនបទ» គំរូសម្រាប់ការរៀបចំភូមិឋាន ដែលផ្តោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកម្ពស់ជីវភាពឱ្យបានសមរម្យ បរិស្ថានរស់នៅស្អាត និងសេវាសាធារណៈគ្រប់គ្រាន់។ (២) បន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី សម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្តានុពលស្របតាមប្រភេទដី សម្រាប់តភ្ជាប់ជារបៀងសេដ្ឋកិច្ចរវាងទីប្រជុំជន និងជនបទ ។ (៣) ជួយ​ជំរុញការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដែលមានតម្រូវការក្នុងមូលដ្ឋាន​ដល់ប្រជាពលរដ្ឋ ដើម្បីទាញយកផលប្រយោជន៍​ជា​អតិបរមា​ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យ ដែលកំពុងងើបឡើងនៅមូលដ្ឋាន, វិស័យ​ទេសចរណ៍ និង វិស័យ​ពាក់ព័ន្ធដទៃទៀត ។ (៤) បន្តសម្របសម្រួលដល់ប្រជាជន ដែលត្រូវចូលមកតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងពីរនេះឱ្យបានឆាប់ និងល្អប្រសើរ ហើយត្រូវការពារឱ្យបានដាច់ខាតនូវការចូលទៅទន្ទ្រានកាន់កាប់ និងតាំងទីលំនៅ ក្នុងតំបន់ឧទ្យានអង្គរ ។

សូមបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានស្នើដល់សហគមន៍អន្តរជាតិឱ្យជួយស្តារ និងអភិរក្សតំបន់អង្គរ ។ ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ, អង្គការយូណេស្កូបានបញ្ជូនក្រុមការងារជំនាញជាបន្តបន្ទាប់មកកម្ពុជា ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងរបស់អង្គរ និងបានសម្រេចដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។

បន្ទាប់មក, យន្តការ ICC-Angkor ត្រូវបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការរៀបចំអនុវត្តគម្រោងជួសជុលប្រាសាទមួយចំនួនជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីធ្វើការអភិរក្ស និងរក្សានិរន្តភាពនៃប្រាសាទ ឱ្យនៅឈរត្រដែតបង្ហាញនូវភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មាធិការអាយស៊ីស៊ីអង្គរ (ICC-Angkor), រមណីយដ្ឋានអង្គរត្រូវបានស្រោចស្រង់ឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់ និងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅខែកក្កដាឆ្នាំ២០០៤, ហើយបន្ទាប់មក ឧទ្យានអង្គរត្រូវបានចារឹកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មកដល់ពេលនេះ៕