នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យក្រសួងពាក់ព័ន្ធធ្វើការសិក្សាលម្អិតបន្ថែមទៀត លើការពង្រីកកំពង់ផែទឹកសាបរបស់កម្ពុជា

0
478

ព្រះសីហនុ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីខេត្តព្រះសីហនុ-ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះ ដោយបានណែនាំឱ្យក្រសួងពាក់ព័ន្ធសហការជាមួយ ភាគីមិត្តជប៉ុន ត្រូវរៀបចំនូវយុទ្ធសាស្រ្ដឱ្យបានច្បាស់លាស់បន្ថែមទៀត លើការពង្រីកកំពង់ផែទឹកសាបរបស់កម្ពុជា ពីព្រោះនាពេលខាងមុខការនាំចេញ និងនាំចូលទំនិញនៅក្នុងប្រទេសនឹងមានការកើនឡើង ដូច្នេះត្រូវតែត្រៀមលក្ខណៈទុកជាមុនលើកិច្ចការងារនេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យក្រសួងពាក់ព័ន្ធ សហការជាមួយវិស័យឯកជនធ្វើការសិក្សាលម្អិតបន្ថែមទៀត លើការពង្រីកកំពង់ផែទឹកសាបរបស់កម្ពុជា ដើម្បីបំពេញតម្រូវការវិស័យពាណិជ្ជកម្មរបស់កម្ពុជា ខណៈសន្ទុះការនាំចេញទំនិញរបស់កម្ពុជារយៈពេល១១ខែ ឆ្នាំ២០២៣នេះ មានការកើនឡើង ៤% ទទួលបានទឹកប្រាក់ប្រមាណ ២១.៣ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា បច្ចុបប្បន្ន កំពង់ផែនៅទូទាំងប្រទេសកម្ពុជាមានចំនួនសរុប ១០៥ កំពង់ផែ ក្នុងនោះរួមមានកំពង់ផែទឹកសាបចំនួន ៧៨ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា និងកំពង់ផែសមុទ្រចំនួន ២៧ ខណៈកំពង់ផែទាំង ១០៥ ត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង៕