នាយករដ្ឋមន្ត្រីកម្ពុជាណែនាំដល់អ្នកលក់ផលិតផល និងអ្នកផលិតមាតិកាត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌

0
178

ភ្នំពេញ ៖នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានណែនាំដល់អ្នកលក់ផលិតផល និងអ្នកបង្កើតមាតិកាផ្សព្វផ្សាយអនឡាញផ្សេងៗ ធ្វើអ្វីក៏ដោយសូមកុំឱ្យហួសព្រំដែនរបស់ខ្លួន ហើយចូលរួមគោរពច្បាប់ មានក្រមសីលធម៌សង្គម និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីជាតិខ្មែរ។

 ​ការណែនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រកាសន៍បែបនេះ ក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះអ្នកដែលធ្វើកម្មភាពផ្សព្វផ្សាយផលិតផល ឬធ្វើមាតិការផ្សព្វផ្សាយដែលហួសព្រំដែន គឺត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ គឺជាការតម្រង់ទិស មិនមែនជាការដាក់ទោសទណ្ឌនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ។

ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងកិច្ចការងារឱ្យបន្តអនុវត្តកិច្ចការអប់រំ តម្រង់ទិសដល់អ្នកដែលផ្សព្វផ្សាយផលិតផល ឬអ្នកដែលបង្កើតមាតិកាដែលធ្វើសកម្មភាពគ្មានក្រមសីលធម៌ និងហួសព្រំដែននៃសិទ្ធសេរីភាព។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ក្រសួង បន្តធ្វើការវិនិយោគចំពោះការលើកកម្ពស់សមត្ថភាពរបស់ស្រ្ដី។ ក្រៅពីនេះត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការងារនៅក្នុងសង្គមផងដែរ៕