នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានអនុវត្តច្បាប់ចំពោះជនបរទេសធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសប្រទេស និងបណ្តេញចេញមិនឱ្យចូលវិញមួយជីវិត

0
80

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ករណីក្មេងៗជនជាតិតៃវ៉ាន់២ដែលចាប់ខ្លួនពីករណីថតវីដេអូពីការចាប់ជំរិតមនុស្សនៅកំពង់សោមមានអ្នកចេញសុំអន្តរាគមន៍ដោះលែង តែសម្តេចថា ករណីបែបនេះដាក់គុកកាន់តែយូរល្អជាង។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៤កន្លងមកនេះ សមត្ថកិច្ចបានចាប់ខ្លួនក្មេងៗតៃវ៉ាន់២នាក់ ថ្ងៃ១៤ជាថ្ងៃក្តីស្រឡាញ់ មិនគួរណាឃាត់ខ្លួនមនុស្សនោះទេ ប៉ុន្តែយើងអត់មានជម្រើស។ ក្មេងៗតៃវ៉ាន់នេះជាគឺជា អ្នកតីកតុកហ្គើល ដែលបានជ្រើសរើសយកកម្ពុជា ដោយថតខ្សែវិឌីអូ ជារឿងចាប់ជំរិត មនុស្ស។ គាត់បានជិះយន្តហោះមកភ្នំពេញដើម្បថត ប៉ុន្តែរកទីតាំងមិន មានក៏បានធ្វើដំណើរ ទៅខេត្តព្រះសីហនុ ដោយទិញខោអាវទាហាន ដោយផ្តើមថតតីកតុក រួចហើយឱ្យប្រពន្ធបង្ហោះនៅតៃវ៉ាន់ រហូតដល់មានអ្នកចូលមើលរាប់សែនលាននាក់។ ដោយខ្លឹមសារវីឌីអូនោះថា នៅ កម្ពុជាពិតជាមានការចាប់ជំរិតគាត់ពិតមែន។

សម្តេចធិបតី ក៏បានលើកឡើងថា នៅពេលសមត្ថកិច្ចចាប់ខ្លួនសួរនាំថាហេតុអ្វីបានធ្វើបែបនេះ គាត់ឆ្លើយថាចង់បានអ្នកមើលច្រើន ហើយនៅពេលតិចទៀតគាត់នឹងលក់ផលិតផលខ្លួន។  សម្តេចធិបតីបានគូសបញ្ជាក់ថា៖«អាលូវគាត់មកស្រុកយើងថាមានអ្នកចាប់ជំរិតគាត់ ហើយអសុវត្ថិភាពដោយសារតែចង់ឱ្យគេមើលគាត់លក់ផលិតផលគាត់ យើងមិនអាចអនុញ្ញាត ឱ្យអ្នកនឹងធ្វើអីញ្ចឹងទេ។ អាលូវចាប់ដាក់គុក២ឆ្នាំ»។  ពាក់ព័ន្ធនឹងក្មេងតៃវ៉ាន់ដែលថតពីវីឌីអូចាប់ជំរិតនេះសម្តេចធិបតីក៏បានឱ្យដឹងមានអ្នកមកអន្តរាគមន៍មកសម្តេចផងដែរ ប៉ុន្តែសម្តេចបានស្តីឱ្យតាមទូរស័ព្ទ ។

សម្តេចបញ្ជាក់ថា៖«អ្នកអន្តរាគមន៍ថាអាណិតគ្នាក្មេងៗហើយម្តាយឈឺគួរតែលែងវាទៅ ប៉ុន្តែខ្ញុំថាទី១ បើម្តាយឈឺគួរតែដាក់គុកវាឱ្យយូរ បើម្តាយឈឺគួរតែនៅមើលម្តាយ មិនគួជិះយន្តហោះមកបំផ្លាញ់ស្រុកគេទេ។ ទី២បើអ្នកបំផ្លាញអ្នកទេសចរមកស្រុកខ្មែរ គឺអ្នកវេទនានោះ ប្រជាជនកម្ពុជាដែលបាត់បង់ចំណូល»។  ជាមួយគ្នានោះដែរសម្តេចអះអាងថា ក្មេងៗជនជាតិតៃវ៉ាន់២នាក់នេះមកកម្ពុជាមិនមែនមកធ្វើលេងនោះទេ  គឺរៀបចំផែនច្បាស់ គឺហោះពីភ្នំពេញទៅកំពង់សោម  រួចហោះទៅសៀមរាប រួចហោះទៅឡាវទៀត ដើម្បីចង់បានអ្នកមើលច្រើនទៀត។ ចំណុចនេះអាត្មានិយមណាស់ ដែលរឿងនេះធ្វើឱ្យគេយល់ច្រឡំកម្ពុជាគេភ័យខ្លាចកម្ពុជា មិនហ៊ានមកលេង… អ៊ីចឹង វាអយុត្តិធម៌សម្រាប់កម្ពុជាយើងណាស់។  សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា៖«មានអ្នកតេមកសុំខ្ញុំថាសុំមនុស្សធម៌ម្តាយឈឺ ខ្ញុំថាវិញបើម្តាយឈឺដើរបំផ្លាញស្រុកគេដាក់គុកឱ្យយូរជាងនេះកាន់តែល្អ កូនកតញ្ញូដើរបំផ្លាញ់គេអ៊ីចឹង»។

សម្តេចនាយករដ្ឋមន្ត្រីក៏បានព្រមានដល់អ្នកផ្សេងទៀតថាយកប្រទេសកម្ពុជាធ្វើជាកន្លែងអាជីវកម្មដើម្បីបានអ្នកចូលច្រើន តាមរូបភាពដូចករណីក្មេងៗជនជាតិតៃវ៉ាន់នេះ នឹងអនុត្តច្បាប់ឱ្យម៉ឺងម៉ាត់ គឺដាក់គុក២ឆ្នាំហើយ បណ្តេញចេញពីស្រុកខ្មែរហើយ ចាក្នុងបញ្ជីខ្មៅមិនឱ្យចូលស្រុកខ្មែរមួយជីវិតតែម្តង។  សម្តេចបញ្ជាក់ថា៖«ចាំឱ្យច្បាស់ប្រជាជនខ្មែរវេទនាយូរមកហើយ ខំកសាងប្រទេសខំជួយប្រជាជនឱ្យល្អ ទេសចរមកខ្ញុំស្វាគមន៍យ៉ាងញញឹម តើហេតុអ្វីអ្នកឯងមកបំផ្លាញ ស្រុកខ្មែរយើង បែបនេះ។ វាប៉ះពាល់ប្រទេសជាតិយើងណាស់ ! អ្នកចង់ធ្វើកន្លែងណាធ្វើទៅ តែកុំយកស្រុកខ្មែរកុំធ្វើបែបនេះ»។  សម្តេចក៏បានអះអាងថាបើសិនជាអ្នកណាមិនរាងចាលក្នុងការទទួកទោស២ឆ្នាំនោះនឹងពិនិត្យមើលបន្ថែមទោសទៀត ព្រោះថាអ្នកឯងមិនអាចយកស្រុកខ្មែរជាកន្លែងថតរឿងបែប នឹងទេ ដែលពេលនេះគេកំពុងយល់ច្រឡំមកស្រុកខ្មែរ។

គួរបញ្ជាក់ផងដែរថា ការថ្លែងបែបនេះក្នុងឳកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕