ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលនេះជាកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការកសាងមន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាស្នាដៃដ៏ឧត្តុង្គឧត្តម និងជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយជាសមិទ្ធផលមានគុណតម្លៃដ៏ធំធេងក្នុងវិស័យសុខាភិបាលដែលចារជាប្រវត្តិសាស្ត្រ នៃការសាងសង់មន្ទីរពេទ្យជាតិពហុឯកទស នៅកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជាតិទាំងមូល។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ហើយគ្រោងបញ្ចប់ការសាងសង់ និងបំពាក់បរិក្ខារនៅចុងខែមិថុនា ឆ្នាំ២០២៣។
មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួនជិត១ម៉ឺនគ្រែ។ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ៕