នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្តេជ្ញាចិត្តអនុវត្តន៍ឲ្យបាននូវគោលដៅជាចម្បងនៃយុទ្ធសាស្ត្រ ខណៈការប្តេជ្ញាចិត្តនេះនៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា

0
486

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាសម្រេចចិត្តឲ្យបាននូវគោលដៅជាចម្បងនៃយុទ្ធសាស្ត្រនៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្តេជ្ញាចិត្តនេះ សម្តេចធិបតី បានថ្លែងថា «ដំណើរ នៃការវិវត្តជាតិខ្មែរបានឈានដល់ដំណាក់កាលថ្មីមួយដែលយើងទាំងអស់គ្នាមានទំនុកចិត្តរឹងមាំនិងមានមហិច្ចតាខ្ពស់ក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឲ្យដូចសម័យអង្គរតាមរយៈការកសាងជាតិមួយរឹងមាំ រស់រវើក រុងរឿងនិងមានវិបុលភាពក្លាយជាប្រទេសមួយមានចំ ណូលខ្ពស់នៅឆ្នាំ២០៥០» ក្នុងស្មារតីនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញ នូវគោលនយោបាយរបស់ខ្លួន ដែលមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយនេះ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាសម្រេចចិត្តឲ្យបាននូវគោលដៅជាចម្បងនៃយុទ្ធសាស្ត្ររួមមាន៖ ១.ការពារសន្តិភាពការពារឯករាជ្យអធិបតេយ្យ បូណភាពទឹកដីនិងរាល់សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្សស្ទិតថេរ។ ២.កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿននិងរឹងមាំដោយផ្អែកលើច្បាប់មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាពនិងសមធម៌ប្រជាជនមានជីវ ភាពសំបូរសប្បាយរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិ យសសេចក្តីថ្លៃមនោនិងមានការគោរពសិទ្ធិមនុស្ស ។

៣.កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ណ្ណប្រសិទ្ធភាពនិងចីរភាពហិរញ្ញវត្ថុដែលធានាផ្ដល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះភាពនូវហានិភ័យសេដ្ឋកិច្ច ហានិភ័ យសុខភាពសាធារណៈ និង ភាពងាយរងគ្រោះផ្សេងៗ ។ ៤.ជំរុញការអភិវឌ្ឍន៍កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មីនមិនទាន់ផ្ទុះឲ្យបានជាអតិបរមា។

៥.បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់,កសាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសទាំងអស់លើសាកលលោកនិងចូលរួមយ៉ាងសកម្មចំពោះបុព្ធហេតុសន្តិភាព ស្ថេរភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់និងពិភពលោក។

គួរបញ្ជាក់ថា ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត៕