នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ជួបពិភាក្សាការងារ

0
727

ភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃ​សន្និសីទ​អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ​និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ ​ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ​និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៤​ ខែធ្នូ​​ ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនេះឯកឧត្តម ជុង អ៊ីយ៉ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម​ និងគណៈប្រតិភូ ​ចូលជួបសម្តែងការគួរសម និង​បានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​សាជាថ្មី ​ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើន​យ៉ាងឆាប់រហ័ស និងគួរឱ្យកត់​សម្គាល់​លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួន​របស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្ស​នយោបាយនៅក្នុងតំបន់អាស៊ី ។

មួយវិញទៀត ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជា​ប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ​ខណៈដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ៦ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១០​ នៅរាជធានីភ្នំពេញ ។ ក្នុងជំនួបនេះផងដែរឯកឧត្តមអតីតរដ្ឋមន្រ្តីការបរទេសកូរ៉េ ​ក៏បានបង្ហាញនូវការជឿជាក់ថា ក្រោម​ការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ ​សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់​ខ្លួន​កាន់តែខ្លាំងក្លា​ទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាក់ជាមិនខាន ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន ICAPP និងបានចូលរួម​អបអរសាទរចំពោះ ឯកឧត្តម ដែលទទួលបានសេចក្តីទុកចិត្តពីសមាជិកអចិន្ត្រៃយ៍ ICAPP ក្នុងតួនាទីជាប្រធានអង្គការ ICAPP សាជាថ្មី។

ជាមួយគ្នានេះ សម្តេចធិបតី​ បានថ្លែងអំណរគុណ ICAPP ដែលបានគាំទ្រចំពោះដំណើរការ​ប្រជាធិបតេយ្យ​របស់កម្ពុជា ​រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍​បោះឆ្នោត មកចូលរួមដំណើរ​ការបោះឆ្នោតនៅកម្ពុជាក្នុងបណ្តាអាណត្តិកន្លងមក ​ជាប់រហូតមកដល់អាណត្តិទី៧ នេះ ផងដែរ ។ វត្តមាន និងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្ត​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ​គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប ភាពត្រឹមត្រូវ​យុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា ។

ក្នុងន័យនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាង​សកម្ម​នៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមាន​សន្តិភាព និងវិបុលភាព ក៏ដូចជាបានសម្តែងនូវការគាំទ្រចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។

 

ដោយឡែក សម្តេចធិបតី ក៏បានរំឭកប្រាប់គណៈប្រតិភូ ICAPP ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច និង​ការបន្ថយ​ភាពក្រីក្រ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យ​យ៉ាងគត់មត់ ហើយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនេះ ព្រមជាមួយនឹងការដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១”, “កម្មវិធីគោល​នយោបាយអាទិភាពចំនួន ៦” និង “វិធានការគន្លឹះចំនួន៥” ដែលសុទ្ធតែយកប្រជាជនជាស្នូល” តួយ៉ាងដូចជា៖ ការពង្រីកសេវាថែទាំសុខភាពសាធារណ:, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥ លាននាក់, ការលើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ,ការពង្រឹងគុណភាពសេវាអប់រំជាដើម ៕