នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំក្រសួងការងារ ឱ្យបង្កើតប្រព័ន្ធតាមដានពីវឌ្ឍនភាពឯកសាររបស់បងប្អូនពលករនៅពាក់កណ្តាលឆ្នាំ២០២៤

0
506

សម្តេចសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបង្កើតប្រព័ន្ធតាមដានពីវឌ្ឍនភាពឯកសាររបស់បងប្អូនពលករ នៅពាក់កណ្តាលឆ្នាំ២០២៤ ការថ្លែងនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសសម្តេចធិបតីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងពិធីនេះ សម្តេចមហាបវរធិបតី បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតគូររៀបចំការបង្កើតប្រព័ន្ធតាមដានដំណើរការនៃការបញ្ជូនឯកសាររបស់បងប្អូនកម្មសិក្សាការី នៅពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខនេះ។ ដំណោះស្រាយដែលសម្តេចធិបតីបានផ្តល់ជូនសម្រាប់បងប្អូនពលករ គឺដើម្បីបង្កើនសេវាការបញ្ជូនឯកសាររបស់កម្មសិក្សាការីកាន់តែប្រសើរ និងឆាប់រហ័សជាងមុន។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្តល់នូវដំណោះស្រាយភា្លមៗ និងគួរជាទីពេញចិត្តដល់បងប្អូនកម្មសិក្សាការី។ សម្តេចធិបតីបញ្ជាក់ថា ការបង្កើតប្រព័ន្ធតាមដានដំណើរការនៃការបញ្ជូនឯកសារនេះគឺដើម្បីបងប្អូនអាចពិនិត្យមើលពីដំណើរការនៃការបញ្ជូនឯកសាររបស់ខ្លួនតាមដំណាក់កាលនីមួយៗទាំងនៅកម្ពុជា និងប្រទេសទទួល រហូតដល់ដំណាក់កាលចេញដំណើរ។ បងប្អូនកម្មសិក្សាការីក៏អស់កង្វល់រឿងការបញ្ជូនឯកសារទៅកាន់ប្រទេសដែលបងប្អូននឹងទៅធ្វើការ ពោលគឺគ្រាន់តែមានទូរស័ព្ទដៃក៏អាចតាមដានដំណើរការនៃការបញ្ជូនឯកសារបានផងដែរ។

គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឯឧត្តម ហេង សួរ ជារដ្ឋមន្ត្រី នឹងបន្តផ្តល់ការគាំពារ ភាពងាយស្រួល ឆាប់រហ័ស និងទំនុកចិត្តដល់បងប្អូនដែលធ្វើការនៅក្រៅប្រទេស៕