នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ «រាជរដ្ឋាភិបាល កំពុងសិក្សាអាចនឹងឲ្យសិស្សដែលមិនចាំបាច់ចប់ទី១២ ក៏អាចរៀនជំនាញវីជ្ជាជីវៈបាន ខណៈដើម្បីមានជំនាញច្បាស់លាស់ទាន់សភាពការណ៍»

0
293

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលខាងមុខ យើងត្រូវសិក្សាមើលរវាងចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ត្រូវតម្រង់ទិស និងបណ្តះុបណ្តាលឲ្យបានទាន់ពេលវេលា ទាន់សភាពការណ៍។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាល កំពុងសិក្សាអាចនឹងឲ្យសិស្សដែលមិនចាំបាច់ចប់ទី១២ ក៏អាចចាប់ចូលសិក្សាជំនាញវីជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់ទាន់សភាពការណ៍ »។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា «គោលដៅរបស់ខ្ញ៉ំដឹកនាំ គឺខំប្រឹងធ្វើឲ្យសាលារដ្ឋត្រូវតែកែទម្រង់ឲ្យមានគុណភាពអប់រំល្អដូចៗគ្នា មិនចាំបាច់បងប្អូនលំបាកដឹកកូនទៅរកសាលាល្អឆា្ងយផ្ទះទេ សាលាក្បែរផ្ទះក៏ល្អដូចគ្នា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចពីយុទ្ធសាស្រ្តបញ្ចរកោណរបស់រាជរដ្ឋាភិបាល ដែលការអភិវឌ្ឍន៍មូលធនមនុស្ស ដែលក្នុងនោះ រាជរដ្ឋាភិបាលបន្តផ្តោត លើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាល ប្រកបដោយ គុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាម គ្រឹះស្ថាន សិក្សា, ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត, ការបង្កើនគុណភាព និងការចូល រៀន មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា (STEAM) និងការពង្រឹង ការអប់រំកាយ និងកីឡា។

គួរបញ្ជាក់ផងដែរថា ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕