នាយករដ្ឋមន្ត្រី៖ កម្ពុជានៅតែបន្តចូលរួមថែរក្សាសុខសន្តិភាពនៅតាមបណ្តាប្រទេសនានា

0
87

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជានៅតែបន្តចូលរួមថែរក្សាសុខសន្តិភាពនៅតាមបណ្តាប្រទេសនានាបន្តទៀត ដោយគោរពតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យកម្ពុជាមានមូលដ្ឋានទ័ពនៅក្នុងទឹកដីពីប្រទេសណាមួយ ប៉ុន្តែពីអាចធ្វើការស្ថិតក្រោមឆ័ត្ររបស់អង្កការសហប្រជាជាតិ(UN) ។

សម្តេចធិបតីបញ្ជាក់ថា ការចូលរួមថែរក្សាសុខសន្តិភាពជាមួយអង្គការសហប្រជាជាតិនេះ ដោយសារកម្ពុជាបានយល់និងធ្លាប់ឆ្លងកាត់រួចហើយ ដែលកម្ពុជាបានយល់អំពីការលំបាកនៃសង្គ្រាម  និងយល់អំពីភាពវេទនារបស់ប្រជាពលរដ្ឋ ដោយសារសង្គ្រាម។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា៖ «ច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា៥៣ បានបញ្ជាក់ថាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពនៅក្រៅប្រទេសបើមិនស្ថិតក្នុងក្រោមឆ័ត្រអង្គការសហប្រជាជាតិទេ។ អីចឹងយើងនឹងបន្តចូលរួមជាមួយយន្តការរបស់ UN  ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាពនៅតាមបណ្តាប្រទេសផ្សេងទៀត»។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា កងទ័ពជើងគោកបានចូលរួមធ្វើកំណែទម្រង់ជាច្រើនក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ដើម្បីក្លាយជាកងទ័ពមួយដែលមានស្មារតីរឹងមាំជាជាតិតែមួយ ហើយពង្រឹងសមត្ថភាពខ្លួនដើម្បីការងារទឹកដីរកសុខសន្តិភាពជូនប្រជាពលរដ្ឋ។  សម្តេចធិបតីបាន បន្តថា នៅក្នុងតំណាក់កាលបច្ចុប្បន្ន និងទៅអនាគត ឬពីឆ្នាំ២០២៣ ទៅថ្ងៃអនាគតនេះរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចធិបតីក៏បានឱ្យដឹងដែរថា ការចូលរួមរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមានកងកម្លាំងនគរបាលជាតិ កងកម្លាំងយោធពលខេមភូមិន្ទត្រូវតែជាកម្លាំងស្នួល ក្នុងការថែរក្សាបរិស្ថានដើម្បីការអភិវឌ្ឍ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា៖«សុខសន្តិភាពត្រូវតែថែរក្សាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ស្ថិរភាពសង្គម និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋត្រូវតែធ្វើឱ្យបាន ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន»។

សូមបញ្ជក់បន្ថែមថា ការប្រកាសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤៕