នាយកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសថា ការបណ្តុះបណ្តាលវគ្គទី១កំពុងដំណើរការបង្រៀនប្រព្រឹត្តទៅយ៉ាងរលូន

0
219

នាយកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តបាត់ដំបង និងខេត្តរតនគីរីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១កំពុងដំណើរការយ៉ាងរលូន សិក្ខាកាមយកចិត្តទុកដាក់រៀនសូត្រ និងបានមករៀនគ្រប់ៗគ្នា។

បើតាមលោក ងួន ហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងថា៖«នៅប៉ុន្មានថ្ងៃដំបូងនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះសិស្សានុសិស្សដែលជាសិក្ខាកាមរបស់ពួកយើងបានមករៀនគ្រប់ៗគ្នា មានស្នាមញញឺម សប្បាយរីករាយក្នុងការរៀនសូត្រជាមួយគ្រូៗរបស់ពួកគេ។ ទាំងនេះមានន័យថាការបណ្តុះបណ្តាលនេះគឺប្រកបដោយភាពរលូន និងជាការបោះជំហ៊ានមួយដ៏ល្អ»។

លោកបន្ថែមថា តាមរយៈការយកចិត្តទុកដាក់រៀនសូត្ររបស់យុវជននេះលោកសង្ឃឹមថាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ពួកគេនឹងទទួលបានលទ្ធផលល្អ មានសមត្ថភាពបន្ទាប់ពីរៀនចប់រយៈពេល៤ខែខាងមុខ។ ពួកគេនឹងមានសមត្ថភាពជំនាញឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ មានចំណូលសមរម្យ ផ្លាស់ប្តូរជីវភាព និងអនាគតរបស់ពួកគេ។

ដោយឡែកលោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១នេះវិទ្យាស្ថានខេត្តមណ្ឌលគិរីផ្តោតលើទី១ទ្រឹស្តីនៅក្នុងថ្នាក់ ជំរុញឱ្យសិស្សមានការយកចិត្តទុកដាក ទី២អនុវត្តន៍ទ្រឹស្តីនៅក្នុងថ្នាក់ និងទី៣ សិក្សាស្រាវជ្រាវ ក៏ដូចជាចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជនផងដែរ។

លោកសង្ឃឹមថា តាមរយៈការរៀនទ្រឹស្តី បូករួមទាំងការអនុវត្តន៍ផ្ទាល់នេះសិក្ខាកាមទាំងអស់នឹងមានសមត្ថភាពល្អ មានឱកាសការងារ ប្រាក់ចំណូលសមរម្យបន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល៤ខែនេះ។ ការបណ្តុះបណ្តាលវគ្គដំបូងសិក្ខាកាមដែលជាយុវជនបានមកសាលាបណ្តុះបណ្តាលគ្រប់ៗគ្នា មានភាពសប្បាយរីករាយ ខិតខំរៀន និងយកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈបានយ៉ាងរលូន។

គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងដែលមានយុវជនចំនួន១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស៕