នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ ថាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១ផ្តោតលើ៣ចំណុចសំខាន់ៗ

0
47

លោក ប៊ូ សំអាត ជានាយកនៃវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ បានលើកឡើងថាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១ វិទ្យាស្ថានរបស់លោកគឺផ្តោតទៅលើ៣ចំណុចសំខាន់ ដើម្បីឱ្យការបណ្តុះបណ្តាលប្រកបដោយគុណភាព សិក្ខាកាមឆាប់ទទួលបានចំណេះដឹង និងមានភាពរីករាយក្នុងការសិក្សា។

បើតាមលោក ប៊ូ សំអាត ៣ចំណុចសំខាន់មានដូចជា ទី១ការរៀនទ្រឹស្តីនៅក្នុងថ្នាក់ ទី២ការអនុវត្តន៍ផ្ទាល់នៅក្នុងរោងជាង និងបន្ទប់ពិសោធន៍ដែលមាននៅក្នុងសាលាផ្ទាល់ និងទី៣ ការចុះកម្មសិក្សានៅតាមរោងចក្រសហគ្រាសនានា។ សម្រាប់ដំណាក់កាលនីមួយៗសុទ្ធសឹងតែជារបៀបនៃការសិក្សាមួយធ្វើឱ្យសិស្សចង់រៀនសូត្រ និងទទួលបានចំណេះដឹងប្រកបដោយវិជ្ជាជីវៈ។

លោកបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១កំពុងដំណើរការទៅយ៉ាងរលូន សិស្សានុសិស្ស សិក្ខាកាមបានមករៀនគ្រប់ៗគ្នាប្រដកដោយភាពរីករាយ។ សិក្ខាកាមចូលរួមយ៉ាងសកម្មភាពរាល់សកម្មភាពបង្រៀន សិក្សាស្រាវជ្រាវ និងការអនុវត្តន៍ផ្ទាល់នានាផងដែរ។ តាមរយៈការយកចិត្តទុកដាក់រៀនសូត្ររបស់យុវជននេះលោកសង្ឃឹមថាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ពួកគេនឹងទទួលបានលទ្ធផលល្អ មានសមត្ថភាពបន្ទាប់ពីរៀនចប់រយៈពេល៤ខែខាងមុខ។

លោកគូសបញ្ជាក់ថាសម្រាប់វិទ្យាស្ថាននៅតែបន្តទទួលពាក្យយុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដដែលបើទោះបីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១កំពុងដំណើរការក៏ដោយ។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល។

គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូង។ គិតត្រឹមថ្ងៃទី២២ មករា ២០២៤នេះមានយុវជនចំនួន១៩៨០៦នាក់ ក្នុងនោះមាន៦៧៣ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស៕