និន្ន័យWWF៖ រយៈពេល៤ឆ្នាំចុងក្រោយនេះកម្ពុជាទទួលបានផ្សោតកើតថ្មីចំនួន២៨ក្បាល ខណៈបានងាប់ទៅវិញចំនួន៣៣ក្បាល

0
44

យោងតាមការឲ្យដឹងពីទិន្ន័យរបស់ WWF បានលើកឡើងថា រយៈពេល៤ឆ្នាំចុងក្រោយនេះកម្ពុជាទទួលបានផ្សោតកើតថ្មីចំនួន២៨ក្បាល និងបានងាប់ទៅវិញចំនួន៣៣ក្បាល ខណៈឆ្នាំ២០២២ គឺជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេរហូតដល់ទៅ ១១ក្បាល និងកើតថ្មីត្រឹមតែ៦ក្បាលប៉ុណ្ណោះ។

   ក្នុងទិន្ន័យខាងលើបានបញ្ជាក់យ៉ាងច្បាស់ថា រយៈពេលប្រមាណ១០ខែនៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានសត្វផ្សោតកើតថ្មីចំនួន៧ក្បាលក្នុងនោះងាប់ទៅវិញ៤ក្បាល ដែលចំនួននេះបានបង្ហាញពីសញ្ជាវិជ្ជមានជាងឆ្នាំ២០២២។

ជាមួយគ្នានេះដែរ បើតាមរដ្ឋបាលជលផល គិតត្រឹមឆ្នាំ២០២២សត្វផ្សោតមានប្រមាណ៩០ក្បាលរស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង១៨០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំ១២០គីឡូម៉ែត្រ ដើម្បីការពារ និងអភិរក្សសត្វផ្សោត ដោយសំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ទាំងនោះ។ តាមអនុក្រឹត្យដែលចុះកាលពីថ្ងៃទី២៨ ខែកុម្ភៈ គឺថា តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គចែកចេញជាពីរកន្លែង ដោយមានកន្លែងអភិរក្សសត្វផ្សោតទំហំប្រមាណ២១៦គីឡូម៉ែត្រ និងកន្លែងការពារសត្វផ្សោតមានទំហំប្រមាណ៤០៤គីឡូម៉ែត្រ។ ក្នុងនោះ ក៏មានដែរការហាមឃាត់ការធ្វើនេសាទមួយចំនួននៅក្នុងតំបន់ការពារ ប៉ុន្តែសម្រាប់តំបន់អភិរក្សវិញ រដ្ឋាភិបាលហាមឃាត់ចំពោះសកម្មភាពនេសាទគ្រប់ប្រភេទ, ការធ្វើវារីវប្បកម្ម និងការធ្វើនាវាចរដែលមានល្បឿនលើសពី៣០ម៉ែត្រក្នុងមួយម៉ោង និងការតាំងទីលំនៅជាដើម។ ជុំវិញការចេញអនុក្រឹត្យនេះ អ្នកអភិរក្សចាត់ទុកថា ជោគវាសនាសត្វផ្សោតនឹងល្អប្រសើរឡើងវិញ។ ប៉ុន្តែអ្នកតាមដានយល់ថា រដ្ឋាភិបាលគួរពង្រឹងច្បាប់ឱ្យបានខ្លាំងជាមុន ទើបបទល្មើសនេសាទខុសច្បាប់លែងបន្តកើតមាន៕ ដោយ៖ នាង ស្រស់