នៅដើមឆ្នាំ២០២៤ ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងអាចនឹងធ្វើលិខិតឆ្លងដែនផ្ទាល់ ដោយមិនបាច់មកកម្ពុជា

0
649

រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យប្រតិបត្តិការធ្វើលិខិតឆ្លងដែន(Passport) ឬពន្យាលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណែតពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដូចមុនទៀតនោះទេ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។
ការបញ្ជាក់របស់ក្រសួងនេះ គឺធ្វើឡើងនៅចំទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិលើកទី២៤។

សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការសម្របសម្រួលឱ្យមានការធ្វើលិខិតឆ្លងដែនពីប្រទេសកូរ៉េខាងត្បូងផ្ទាល់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយដល់ពលករ ដែលនេះសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម កត្តា អ៊ន ដដែល។

សូមរំលឹកថាការប្រកាសដាក់ឱ្យដំណើរការនេះ គឺធ្វើក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងក្នុងវេទិកាជួបជុំកម្មកររោងចក្រប្រមាណ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ដោយសម្រេចអនុញ្ញាតឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែន (Passport) នៅប្រទេសកូរ៉េខាងត្បូង និងបានណែនាំឱ្យមន្រ្តីជំនាញពាក់ព័ន្ធបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក៏ដូចជាពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេស។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជា មានពលករកំពុងបម្រើការងារនៅក្រៅប្រទេសប្រមាណ ១,៣លាននាក់ ក្នុងនោះ ថៃមានប្រមាណ ១,២លាននាក់, កូរ៉េខាងត្បូង៥ម៉ឺននាក់, ម៉ាឡេស៊ី ជាង២ម៉ឺននាក់ និងប្រទេសជប៉ុនប្រមាណ២ម៉ឺននាក់ និងបណ្តាប្រទេសនិងដែនដីផ្សេងៗទៀត។
បើតាមការបញ្ជាក់ ពលករកម្ពុជាប្រមាណជាង១.៣លាននាក់នេះ បានបញ្ជូនថវិកាចូលក្នុងស្រុកប្រមាណជាង២ពាន់លានដុល្លារក្នុងរយៈពេល១ឆ្នាំៗ៕