បណ្ឌិតយង់ ពៅ៖ សង្គមស៊ីវិលនៅកម្ពុជាមួយចំនួនមិនគួរយកកម្មករ ផ្សាភ្ជាប់ជាមួយរឿងនយោបាយនោះទេ

0
68

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាអ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួននៅកម្ពុជាមិនគួរផ្សាភ្ជាប់រឿងកម្មករ ជាមួយនិងរបៀបវារៈនយោបាយនោះទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់និរន្តរភាពការងាររបស់ពលករ និងផលប្រយោជន៍រួមរបស់សង្គមជាតិ។

ការលើកឡើងបែបនេះបន្ទាប់ពីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានមើលឃើញថា អ្នកវិភាគ សង្គមស៊ីវិល និងសហជីពមួយចំនួននៅតែយករឿងការកាត់ផ្តាច់ការអនុគ្រោះពន្ធ Everything But Arm (EBA) ពីសំណាក់សហភាពអ៊ឺរ៉ុបចំនួន២០%នាពេលកន្លងទៅ ថាប៉ះពាល់ទៅដល់ការងាររបស់កម្មករនិយោជិត និងការបិទរោងចក្រឧស្សាហកម្មនានានៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតបានគូសបញ្ជាក់បន្តថា បើទោះបីមានការកាត់ផ្តាច់ការអនុគ្រោះពន្ធ ប៉ុន្តែការបញ្ជាទិញទំនិញខាងវិស័យកាត់ដេរនៅតែរក្សាស្ថានភាពល្អ ត្បិតស្ថានភាពនយោបាយនៅលើពិភពលោកគ្មានស្ថេរភាព និងបង្កផលប៉ះពាល់ការនាំចេញ។ ការអនុគ្រោះពន្ធ Everything But Arm (EBA វានឹងកាត់ផ្តាច់ទាំងស្រុង នៅពេលប្រទេសកម្ពុជាលោតផុតពីប្រទេសក្រីក្រ ដូច្នេះកម្ពុជាត្រូវមានភាពក្លាហានក្នុងការប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយមិនរង់ចាំការផ្តល់ការដកដង្ហើមពីសំណាក់ភាគីណាមួយនោះទេ។

អ្នកជំនាញរូបនេះថា៖«បុគ្គលមួយចំនួននៅតែលើកឡើងបញ្ហានេះ ដែលវាជាសារនយោបាយ! ចឹងពាក់ព័ន្ធនឹងរឿងនយោបាយរបស់សង្គមស៊ីវិលមួយចំនួនដែលគាត់ទទួលបានកញ្ចប់ថវិកាពីបណ្តាសហគមន៍ និងប្រទេសមួយចំនួន ចឹងគាត់ត្រូវតែលើកសារនយោបាយណាមួយដែលត្រូវទៅនឹងម្ចាស់មូលនិធិនោះផងដែរ ដូច្នេះវាប៉ះពាល់ទៅដល់ឆ្នាំងបាយរួម»។

អ្នកជំនាញរូបនេះអំពាវនាវឱ្យបុគ្គលដែលជាសង្គមស៊ីវិលមួយចំនួនសូមគិតគូរទៅដល់ផលប្រយោជន៍រួម ត្រួវគិតគូរនៅពេលធ្វើសកម្មភាពរបស់ខ្លួន ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ទៅដល់សង្គមជាតិ។ គ្រប់ភាគីទាំងអស់ត្រូវតែគិតអំពីស្ថេរភាពនយោបាយ សង្គម ដើម្បីឱ្យខ្លួនឯងមានលទ្ធភាពក្នុងការបន្តនិរន្តភាពសេដ្ឋកិច្ចទៅមុខ ដោយពុំមានបញ្ហាក្តីក្តាំងបែបនេះមកបង្អាក់ដំណើររបស់កម្ពុជា៕