ភ្នំពេញ៖ បវរកញ្ញាកម្ពុជាឈ្នះលំដាប់ទី៧ក្នុងកម្មវិធីសម្រស់លំដាប់អន្តរជាតិ ពី Miss Planet International 2023 ខណៈម្ចាស់ជ័យលាភី មកុដបានទៅលើបវរកញ្ញាប្រទេសថៃគឺ Min Worawalan ។
ជាបេក្ខជនបវរកញ្ញាតំណាងឲ្យកម្ពុជាឆ្នាំ២០២៣ ដាំ សុភ័ក្រស៊ីនឌី ទទួលបានជយលាភីរងលំដាប់ទី៧ និងបានឈ្នះពាន Best in National Costume តាមរយៈឈុតតំណាងជាតិ «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» ពីការប្រកួត Miss Planet International 2023 លើកទី៣ នេះ។
ក្នុងការប្រកួតកម្មវិធីលំដាប់អន្តរជាតិនេះ អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើនកុះករ រួមទាំងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា បានសម្តែងការត្រេកអរចំពោះសមទ្ធិផលថ្មីរបស់កម្ពុជាយើង ដែលទើបទទួលបានពីកម្មវិធី Miss Planet International 2023 ដោយកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ ដាំ សុភ័ក្រស៊ីនឌី ជាបេក្ខភាពតំណាងឲ្យកម្ពុជា ។
ជាបវរកញ្ញាតំណាងកម្ពុជា ក៏បានសម្តែងការអរគុយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Cambodia International Models (CIM) ដែលបានជ្រើសរើសនាងជាបវរកញ្ញាតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងកម្មវិធី Miss Planet International 2023 , ម្ចាស់sponsor នានា និងបណ្តាហ្វេនៗដែលតែងតែគាំទ្រនាងចាប់ពីការចាប់ផ្តើមរហូតកម្ពុជាទទួលបានភាពជោគជ័យដ៏ធំធេងនេះ៕