ភ្នំពេញ៖ យោងតាមអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងជិត ១៤ ម៉ឺននាក់កើនឡើងជាងឆ្នាំមុនជាង១ម៉ឺននាក់ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត កាន់ពុទ្ធី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។
លោក បណ្ឌិត កាន់ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា យោងតាមស្ថិតិបណ្តោះអាសន្ន ប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនដែលបានចុះឈ្មោះ សរុប ១៣៧ ៤១៣ នាក់ ស្រី ៧៣ ២៧៩នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី ៤៨ ៤៩០នាក់ចែកជា២២៧មណ្ឌលក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ចែកជា៥ ៥៤៣បន្ទប់ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣ ៨៦១បន្ទប់។
លោកបណ្ឌិតបានបន្តថា ការប្រឡងឆ្នាំនេះនៅតែបន្តអនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡាបានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និង០៧ ខែវិច្ឆិកា ឆ្នាំ២០២៣និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ២០២៣៕