ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អរគុណអង្គការសហព័ន្ធសន្តិភាពសកល ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជា

0
98

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់អង្គការសហព័ន្ធសន្តិភាពសកល (UPF)  ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។

ការអរគុណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បែបនេះ ក្នុងឱកាសអនុញ្ញតឱ្យ លោកបណ្ឌិត  Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិមាន៧មករា។ ក្នុងជំនួបនោះ សម្តេចតេជា ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកបណ្ឌិត  Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។

តាមរយៈជំនួបនោះដែរ សម្តេចតេជា ហ៊ុន សែន ក៏បានស្នើក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទីប្រាំនៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេសការជួយដល់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជន ១,៥ លាននាក់ រួមទាំងការគាំពារដល់ស្ត្រី ដែលជាតម្រូវការចាំបាច់បំផុតមួយរបស់កម្ពុជា ក្នុងតំណាក់កាលថ្មី។

ជាមួយគ្នានេះ លោកបណ្ឌិត  Charles Yang វាយតម្លៃខ្ពស់នូវគំរូវីរភាព ក្នុងការដឹកនាំរដ្ឋ និងការកសាងប្រទេសរបស់សម្តេចតេជា ហ៊ុន សែន និងមានជំនឿមុតមាំថា នយោបាយ ឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន អាចនឹងរួមចំណែដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅក្នុងតំបន់និងពិភពលោក ជាពិសេសផ្តល់ជាធាតុចូលដ៏សំខាន់មួយ ក្នុងការស្វះស្វែងសន្តិភាពនិងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។

ជាមួយគ្នានេះ កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ និងអង្គការសង្គមស៊ីវិលគឺបានផ្តល់នូវតម្លៃនៃការយោគយល់ និងការចែករំលែកបទពិសោធន៍ល្អៗដែលមានផលប្រយោជន៍ផ្ទាល់ដល់សង្គម និងប្រជាជនដែលស្រឡាញ់សន្តិភាព៕