ប្រធានគណបក្សប្រជាជនកម្ពុជា៖ មរណភាពរបស់ឯកឧត្តម លី ខឺឈាង តំណាងឱ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងបក្ស

0
678

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈសាររំលែកទុក្ខជូនឯកឧត្តម ស៊ី ជិនពីង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ​ ចំពោះមរណភាព​របស់ឯកឧត្តម លី ខឺឈាង ​អតីតនាយករដ្ឋមន្ត្រីចិន ដែលបានទទួល​មរណភាពកាលពី​យប់មិញ​ក្នុងជន្មាយុ៦៨ឆ្នាំ ដោយបញ្ហាគាំងបេះដូងនោះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ​សម្តេចពិតជាមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបាន​ដឹងពី​មរណភាព​នៅក្រុងសៀងហៃ នៅព្រឹកមិញនេះរបស់ឯកឧត្តម លី ខឺឈាង សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី១៧,១៨ និងទី១៩ នៃបក្សកុម្មុយនីស្តចិន និងជា​អតីតនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋ។

នៅក្នុងសាររំលែកទុក្ខនេះដែរសម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា បាន​ចាត់ទុកឯកឧត្តម លី ខឺឈាង «គឺជាមិត្តដ៏ល្អរបស់កម្ពុជា ​ហើយប្រជាជនកម្ពុជា​ នឹងចងចាំ​ជា​និច្ចនូវការរួមចំណែកដ៏មាន ​តម្លៃរបស់ឯកឧត្តមចំពោះទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធរវាងប្រជាជាតិ និងប្រជាជន​នៃប្រទេសយើងទាំងពីរ ​ដែលត្រូវបាន​គូស​បញ្ជាក់​ដោយ​ទំនាក់ទំនង​នយោបាយ​ដ៏​រឹងមាំ​រវាងគណបក្សយើងទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន)»។

ក្នុងសាររំលែកទុក្ខរបស់ម្តេចតេជោ បន្តថា ​ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែក​ទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម​ក្រុមគ្រួសារនៃសព ​ប្រជាជនចិន ​និងបក្សកុម្មុយនីស្តចិន ចំពោះការបាត់បង់រដ្ឋ បុរសដ៏អស្ចារ្យម្នាក់។

សម្តេចតេជោ​ក៏សូមឲ្យ​វិញ្ញាណក្ខន្ធ​ឯកឧត្តម លី ខឺឈាង ​បានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាត​ឡើយផងដែរ៕