ឯកឧត្តម ឱម យិនទៀង៖ ការប្រឆាំងនឹងអំពើពុករលុយដោយឈលើគោលការណ៍ចំនួន៣ 

0
119

ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានគូសបញ្ជាក់ថា អំពើពុករលួយមិនមាននិយមន័យឡើយ ប៉ុន្តែត្រូវបានកំណត់ដោយច្បាប់របស់ប្រទេសនីមួយៗថាជាបទល្មើស។

ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំចតុម្មុខមង្គល ក្រសួងព័ត៌មាន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា ការប្រឆាំងនឹងអំពើពុករលួយដោយឈរលើគោលការណ៍៣៖

(ទី១) ការអប់រំ ដោយអប់រំឱ្យស្អប់អំពើពុករលួយ អប់រំឱ្យស្រឡាញ់សុចរិតភាព និងស្រឡាញ់ភាពស្អាតស្អំ ជាពិសេសការអប់រំនេះ គឺជាទីតួនាទីរបស់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលដើរតួនាទីសំខាន់ក្នុងការចូលរួម។ (ទី២) ក្នុងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺការបង្ការ និងទប់ស្កាត់ ដែលបញ្ហានេះ គឺជាតួនាទីរបស់ក្រសួង ស្ថាប័ននីមួយៗ និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលជាមន្រ្ដីសាធារណៈ ក្នុងការផ្ដល់សេវា បម្រើជូនដល់ប្រជាពលរដ្ឋ។

(និងទី៣) ការបង្ក្រាបបទល្មើស បញ្ចូនទៅតុលាការ ដាក់ពន្ធធនាគារ ដើម្បីកុំឱ្យប្រព្រឹត្ដអំពើពុករលួយ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលុយបានសង្កត់ធ្ងន់ថា ចំពោះចំណុចទីបីនេះ គឺជាអំណាចផ្ដាច់មុខរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺអត់មានស្ថាប័នណាផ្សេងមានភារកិច្ចចាប់អ្នកណា ចោទអ្នកណា និងកសាងសំណុំបែបបទបញ្ចូលទៅតុលាការរឿងទាក់ទងនឹងបញ្ហាពុករលួយនោះទេ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា អំពើបរិហារកេរ្តិ៍តាមសារព័ត៌មាន គឺស្ថិតនៅក្រោមបទប្បញត្តិរបស់សារព័ត៌មាន។ នេះហើយដែលសម្ដេចតេជោបានស្នើសុំទៅរដ្ឋសភាដើម្បីដកទោសដាក់ពន្ធនាគារចេញពីបទប្បញ្ញត្តិនោះ ដូច្នេះមានតែទទួលទោសពិន័យប៉ុណ្ណោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងទៀតថា តាមច្បាប់ក្រមព្រហ្មទណ្ឌ បទបរិហារកេរ្តិ៍ត្រូវតែមានអ្នកប្ដឹង ហើយអត់មានអ្នកប្ដឹង សំណុំរឿងត្រូវបានបញ្ចប់ ហើយព្រះរាជអាជ្ញាមិនអាចចាប់យកបទព្រហ្មទណ្ឌនេះមកធ្វើដោយឯកឯងបានឡើយ ហើយនីតិវិធីនេះក៏អាចជួយកិច្ចការអ្នកសារព័ត៌មានបានច្រើនដែរ ក្នុងករណីដែលមានការជ្រុលជ្រួស៕