ប្រព័ន្ធធារាសាស្រ្តកង្ហតខេត្តបាត់ដំបង ធានានិរន្តរភាពស្រោចស្រពផ្ទៃដីស្រូវប្រាំង និងវស្សាជិត ៨ ម៉ឺនហិកតា ខណៈប្រើប្រាស់ថវិកាឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន

0
1233

បាតដំបង៖ យោងតាមក្រសួងធនធានទឹក នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ប្រព័ន្ធធារាសាស្រ្តកង្ហត ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជំហានទី១ ត្រូវបានជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ២០១០ បញ្ចប់នៅឆ្នាំ២០១៤ និងក្នុងឆ្នាំ២០១៥ បានបន្តជំហាន២ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

  ប្រភពខាងលើបន្តថា ប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងារស្រោចស្រព ការគ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ។ ប្រព័ន្ធធារាសាស្រ្តកង្ហត ទទួលបានប្រភពទឹកពីស្ទឹងសង្កែ និងពីផ្ទៃរងទឹកភ្លៀងពីផ្នែកខាងលើ តាមរយៈសំណង់កាត់ស្ទឹង បញ្ចាល់ទឹកតាមប្រឡាយមេបេតុង ប្រឡាយមេ និងប្រឡាយរងសម្រាប់ស្រោចស្រព។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ​២០១៧​ រហូតមកដល់បច្ចុប្បន្ន​ ប្រព័ន្ធធារាសាស្ត្រកង្ហតទទួលបាននូវកិច្ចដំណេីរការជួសជុល​ និងថែទាំជាប្រចាំលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទាំងមូលបានប្រមាណ​ ៨០%​ ដែលធានាបាននូវនិរន្តរភាព​ និងប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៦៧.០០០ហិកតា ស្រូវប្រាំងចំនួន ១១.៥០០ហិកតា និងដំណាំរួមផ្សំមួយចំនួន​ ជូនប្រពលរដ្ឋចំនួន​ ១៨ឃុំ​ ក្នុងស្រុកចំនួន៤ (ស្រុកបាណន់​ ស្រុកមោងឫស្សី​ ស្រុកគាស់ក្រឡ​ និងស្រុកសង្កែ)​ និងក្រុងបាត់ដំបង៕