ប្រមុខរដ្ឋាភិបាលកម្ពុជា៖ ក្រុមវិនិយោគគិនចិន ដែលមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ថ្លែងមុខអ្នកជំនួញធំៗចិន ថា ខេត្តនេះមានសុវត្តិភាពល្អ មិនដូចភាពយន្តគេនិពន្ធនោះទេ

0
20

ព្រះសីហនុ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមអ្នកជំនួញចិន ដែលបានមកបណ្ដាក់ទុននៅកម្ពុជា បានបញ្ជាក់នៅចំពោះមុខវិនិយោគិនចិន និងមន្ត្រីចិនជាច្រើនច្បាស់ៗថា​ ខេត្តព្រះសីហនុរបស់​កម្ពុជា មាន​សុខសុវត្ថិភាពល្អ មិនដូចភាពយន្តដែលគេបាននិពន្ធ ​ដើម្បីឱ្យល្អមើលនោះទេ។

ថ្លែងក្នុងអំឡុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាងមួយម៉ឺនប្រាំពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកឡើង​ពី​ការបញ្ជាក់របស់ក្រុមវិនិយោគិនចិន​ ដែលមកបណ្ដាក់ទុននៅខេត្តព្រះសីហនុ ​ហើយ ​បានឡើងថ្លែង​បញ្ជាក់​នៅចំពោះមុខ អ្នកជំនួញធំៗរបស់ចិន និងមន្ត្រីចិននានា ក្នុងអំឡុងពេលដែល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន កាលពីពេល ថ្មីៗកន្លងមកនេះ។

អំឡុងពេលជួបសំណេះសំណាលនៅថ្ងៃនេះដែរ ​សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ​ដល់ពលរដ្ឋទាំងអស់ ​សូមបន្តរួមគ្នា​ការពារឆ្នាំងបាយពលរដ្ឋ​ និងរួមគ្នាការពារការរីកចម្រើន​នៅ​កម្ពុជា ដើម្បីកម្ពុជាទាំងអស់គ្នា។

កត្តាចម្បងពីរដែលធ្វើឱ្យវិនិយោគិនបរទេសនានា ចង់ទៅបណ្ដាក់ទុន និងបង្កើនការវិនិយោគ​នៅប្រទេសមួយនោះគឺ ​សុខសន្តិភាព​ ស្ថិរភាពនយោបាយ ​និងគោលនយោបាយអភិវឌ្ឍន៍​ត្រឹមត្រូវល្អ៕