ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អនុសាសន៍ចំនួន ៦ ចំណុចដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើនប្រសិទ្ធភាពការ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ

0
594

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៦ ចំណុច ដល់ក្រសួងមហាផ្ទៃ ដើម្បីបង្កើតប្រសិទ្ធភាពការងារ ជាពិសេស​ការ​អនុវត្ត​ការងារ​ទៅ​ថ្នាក់​មូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

សម្ដេចធិបតីបានផ្តល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជា​ពិសេស​មន្ត្រីណាដែលនៅកៀកនឹងប្រជាពលរដ្ឋឲ្យមាន មនសិការក្រមសីលធម៌ វិជ្ជាជីវៈព្រមទាំ​ង​សមត្ថភាព​សក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ ពង្រឹងការវាយតម្លៃ ការតែងតាំង​ទាំង​ស៊ីវិល​ទាំង​នគរបាល​ឲ្យបានច្បាស់លាស់ ជាពិសេសពិនិត្យមើលរាល់ការតែងតាំង។

សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស​ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការ​ប្រើប្រាស់​អំណាច​ខុសច្បាប់ និងត្រូវចាត់វិធានការ ត្រឹមត្រូវ ប្រសិនបើមានករណីនេះកើតឡើង។ ក្រសួងមហាផ្ទៃ ត្រូវធ្វើវិចារណកម្ម ប្រសិទ្ធភាព និងភាពងាយស្រួល នៃការផ្ដល់សេវា​សាធារណៈ​របស់​ខ្លួន​ ដើម្បី​ធានាថា​គ្មាន​នីតិវិធីណាមួ​យ​ដែល​បង្ក​ការ​លំបាក​ដែល​មិន​ចាំបាច់​ដល់​ប្រជាពលរ​ដ្ឋ​ឡើយ​។​

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ ត្រូវពង្រឹង​នូវ​យន្ត​ការ​ច្រក​ចេញ-ចូ​ល​តែមួយនិងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដោយ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សេវា​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ចាំបាច់​ឬ​ជា​ញឹក​ញាប់​ដូច​ជា​សេវា​អត្រា​នុកូលដ្ឋាន ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។

ក្រសួងមហាផ្ទៃ ត្រូវធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃកា​រ​វិភាគ​ធនធាន​ទៅកា​ន់ថ្នា​ក់​ក្រោម​ជាតិ​ដើម្បី​ធានា​ថាថ្នាក់​ក្រោម​ជាតិ​អាច​បំពេញ​មុខងារ​និង​ធារកិច្ច​ដែល​ត្រូវ​បាន​ធ្វើប្រតិភូកម្មដោយជោគជ័យ។

ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដានត្រួតពិនិត្យនិងវាយតម្លៃរាល់គោលនយោបាយទាំងអស់ដែលថ្នាក់ជាតិបានដាក់ចេញឲ្យថ្នាក់ក្រោមជាតិអនុវត្តដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែងនិងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់.

គួរបញ្ជាក់ថា ការផ្ដល់អនុសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការ​ក្រសួង​មហាផ្ទៃ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ៕