ប្រាសាទបន្ទាយឆ្មារ ភ្នំជីសូរ និងភ្នំដា នឹងត្រៀមបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0
156

ភ្នំពេញ៖ យោងតាមការឲ្យដឹងពី លោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ទន្ទឹមនឹងការស្នើសុំចុះបញ្ជីនេះ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ប្រឹងប្រែង​រៀបចំ​ឯកសារ​គតិយុតិ្តកំណត់តំបន់ការពារ ដែលអាចជាអនុក្រឹត្យ ឬព្រះរាជក្រឹត្យឲ្យបានរួសរាន់។ ក្នុង​រយៈ​ពេល​វែង និងទៅតាមលទ្ធភាពដែលមាន ការរៀបចំឲ្យមានព្រឹតិ្តការណ៍ជាសិល្បៈ ការ​តាំង​ពិព័រណ៌ ឬសកម្មភាពទស្សនកិច្ចសិក្សា ឬសកម្មភាពផ្សេងៗទៀត នៅ​តាម​បុរាណ​ដ្ឋាន​សំខាន់ៗ​នៅ​តាម​បណ្តាខេត្ត ក៏ដូចជាសកម្មភពតម្លៃសម្រាប់រំលឹក និងជំរុញលើក​ទឹកចិត្ត​ប្រជាជន​ក្នុង​តំបន់​ឲ្យ​ចូល​រួមការពារបុរាណដ្ឋានទាំងនោះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅក្នុង​តម្រូវ​ការ​របស់​អង្គការយូណេស្កូ គឺរាល់រមណីយដ្ឋានទាំងអស់មានបញ្ជីត្រៀមទាំងអស់ ដូចជា​ចុះ​បញ្ជី​រមណីយដ្ឋាន​ប្រាសាទកោះកេរ បានចូលជាសម្បតិ្តបេតិកភណ្ឌពិភពលោករួចហើយ។ ប៉ុន្ដែ​កម្ពុជា​នៅ​មាន​រមណីយដ្ឋានប្រាសាទមួយចំនួនទៀតដែលឋិតក្នុងបញ្ជីត្រៀមរបស់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុងនោះមានប្រសាទបន្ទាយឆ្មារ និងបញ្ជីត្រៀមនៅប្រាសាទជីសូរ និងប្រាសាទភ្នំដា និង​រមណីយដ្ឋានមួយចំនួនទៀតដែលកំពុងធ្វើ។

ជាចុងក្រោយលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ជា​ថ្មី​ម្តង​ទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែល​បាន​ខិតខំ​បំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងបុព្វហេតុអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ស្រប​តាមទិសស្លោក-កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌។​

គួរបញ្ជាក់ថា ការថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នា​សាល​សន្និសីទ​ចតុម្មុខ រាជធានីភ្នំពេញ។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួងវប្បធម៌ បានត្រៀម​បញ្ចូល​ប្រសាទ​បន្ទាយឆ្មារ ប្រាសាទភ្នំជីសូរ និងប្រាសាទភ្នំដា និងបេតិកភណ្ឌ​ដែល​បាន​ដាក់​បម្រុង​សម្រាប់​ការ​ចុះ​បញ្ជីជាបេតិកភណ្ឌពិភពលោក៕