ប.ស.ស.នៃក្រសួងការងារ៖ ត្រឹមតែជាង២ខែបុគ្គលស្វ័យនិយោជន៍ និងសមាជិកប.ស.ស.ក្នុងបន្ទុក ជាង៧ម៉ឺននាក់ទៅទទួលសេវាព្យាបាលឥតគិតថ្លៃ

0
227

បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាច្រើន បានសម្តែងការពេញចិត្តចំពោះគោលនយោបាយ របស់រដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (បេឡាជាតិសន្តិសុខសង្គម)។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានមើលឃើញពីគុណប្រយោជន៍ នៃការប្រើប្រាស់បណ្ណប.ស.ស ដែលធ្វើឱ្យសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់មានភាពលំនឹង។

នេះជាប្រសាសន៍លើកឡើងរបស់លោកហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានសមាជិកគោលដៅសរុបចំនួន១៣៥ ៣៤១នាក់ (ស្រី៨៣២ ៤៦នាក់) ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន១១៦ ០៧០នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន១៩២ ៧១នាក់។

អគ្គនាយករង ប.ស.ស រូបនេះបន្ថែមថា ដោយទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ការទៅទទួលសេវាព្យាបាលនៅមូលដ្ឋានសុខាភិបាល និងវេជ្ជសាស្ត្រក៏មានច្រើនផងដែរ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សមាជិក ប.ស.ស បានទៅទទួលសេវាព្យបាលនៅមូលដ្ឋានសុខាភិបាល មានសរុបចំនួន៧៤៥ ៧៦ករណី ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន៧៣១ ៨៤ករណី និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន១៣៩២ករណី ហើយបើគិតចំពោះការចំណាយទៅលើមូលដ្ឋានសុខាភិបាល វិញអស់ប្រមាណ៣៥ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ថា ការចុះឈ្មោះជាសមាជិក ប.ស.ស ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានការបង់ភាគទានត្រឹមតែ១៥៦០០រៀលប៉ុណ្ណោះក្នុងមួយខែ។ ប្រជាពលរដ្ឋជាសមាជិកនឹងទទួលបានការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យ ឬមូលដ្ឋានសុខាភិបាលដៃគូរបស់បេឡាជាតិសន្តិសុខសង្គម។

លោកហេង សុផាន់ណារិទ្ធ បានបញ្ជាក់ផងដែរថា សម្រាប់ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨ បេឡាជាតិសន្តិសុខសង្គមនឹងពង្រីកវិសាលភាពទៅកាន់ប្រជាពលរដ្ឋចំនួន៦៧ម៉ឺននាក់ក្នុងមួយឆ្នាំ គោលដៅចំបងទី១ចំនួន៣លាននាក់ និងគោលដៅធំបំផុត ដើម្បីឈានដល់ការគ្របដណ្តប់លើសុខភាពជាសកលគឺចំនួន៩លាននាក់៕