ផ្លូវប្របមាត់សមុទ្រខេត្តកែបសម្រេចការសាងសង់បានប្រមាណ៨០%ហើយ ខណៈចំណាយថវិកាសាងសង់ ប្រមាណ១០,៥លានដុល្លារអាមេរិក

0
37

កែប៖ យោងតាមឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងសារព័ត៌មានក្នុងស្រុកថា គិតត្រឹមថ្ងៃទី០៩ ខែតុលានេះ ផ្លូវប្របមាត់សមុទ្រខេត្តកែបដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺសម្រេចការសាងសង់បានប្រមាណ៨០ភាគរយហើយ។ ទោះបីជាផ្លូវមួយខ្សែនេះមិនទាន់សាងសង់រួចរាល់១០០ភាគរយក្តី លោកអភិបាលខេត្តបានឱ្យដឹងថា បច្ចុប្បន្ននេះផ្លូវមួយខ្សែនេះបានបើកឱ្យប្រើប្រាស់បណ្តើរៗហើយ។

 

សូមជម្រាបថា គម្រោងសាងសង់កំណាត់ផ្លូវប្របមាត់សមុទ្រនេះ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ផ្លូវនេះតភ្ជាប់ពីចំណុចកំពង់ផែទេសចរណ៍កោះទន្សាយក្នុងក្រុងកែប ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១៣-៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលផ្លូវមួយខ្សែនេះត្រូវបានចែកចេញជា៤ផ្នែក។

គួរបញ្ជាក់ថា  ផ្លូវប្របមាត់សមុទ្រមួយខ្សែនេះមានប្រវែងប្រមាណ ១២គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់ប្រមាណ ១០,៥ លានដុល្លារអាមេរិក៕