ពលរដ្ឋកម្ពុជាមានការងារធ្វើជិត៨លាននាក់ ខណៈធ្វើការក្នុងវិស័យក្រៅប្រព័ន្ធជិន៦,២លាននាក់នៃប្រជាជនមាន ការងារធ្វើសរុប

0
46

ភ្នំពេញ៖ យោងតាមការអង្កេតកម្លាំងពលកម្មឆ្នាំ២០១៩ បានអោយដឹងថា នៅកម្ពុជា ប្រជាជនមានការងារធ្វើ មានចំនួនសរុបជិត ៧លាន ៩សែននាក់ ក្នុងនោះប្រជាជនមានការងារធ្វើក្នុងវិស័យក្នុងប្រព័ន្ធ មាន​ចំនួនជិត១លាន៧សែននាក់ ឬ២១,៥% នៃប្រជាជនមានការងាធ្វើសរុប។ ដោយឡែក ប្រជាជន​មានការងារធ្វើជិត៦,២លាននាក់ផ្សេងទៀត កំពុងធ្វើការងារក្នុងវិស័យក្រៅប្រព័ន្ធ។

ជាក់ស្តែងបើយោងតាមយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអោយដឹងថា អ្នក​ប្រកប​មុខរបរ​ និងធ្វើការងារនៅក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅកម្ពុជា មានចំនួនច្រើន និងស្ថិត​នៅ​ក្នុង​វិស័យ​ជា​ច្រើន ដូចជា វិស័យដឹកជញ្ជូន សេវាកម្ម លក់ដុំ លក់រាយ សិប្បកម្ម និងកសិកម្មជាដើម។ របាយ​ការណ៍នៃការសិក្សា និង ការពិគ្រោះយោបល់ផ្ទាល់ជាមួយប្រជាជនគោលដៅ នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំងតំណាងសមាគម អង្គការជាតិ និង អន្តរជាតិ ដៃគូអភិវឌ្ឍ អ្នក​ប្រកប​មុខ​របរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាភាគច្រើន គឺជាកម្មករ និយោជិត ឬ បុគ្គល​ស្វ័យនិយោជន៍ ដែលមានលក្ខណៈរួមមាន៖ មានប្រាក់ចំណូលទាប និង មិនទៀងទាត់ ដែលអាចប្រើប្រាស់បានត្រឹមជីវភាពប្រចាំថ្ងៃ ទោះបីជាត្រូវធ្វើការច្រើនម៉ោងក៏ដោយ។ ប្រកប​អាជីវកម្ម ឬ មុខរបរ ដែលមានលក្ខណៈគ្រួសារ ការងារមិនជាប់លាប់ម្តងម្កាលតាមរដូវកាល។ ប្រកប​អាជីវកម្ម មុខរបរ ច្រើនក្នុងពេលតែមួយ ដើម្បីទ្រទ្រង់ និងរក្សាលំនឹងជីវភាពគ្រួសារហើយ ងាយ​ផ្លាស់ប្តូរអាជីវកម្ម មុខរបរ និង ការងារពីមួយថ្ងៃទៅ មួយថ្ងៃ ដែលធ្វើ​អោយ​សហគ្រាស​ជា​ច្រើន​ ក្នុងវិស័យសេវាកម្ម ដែលត្រូវការជំនាញទាប ជួបប្រទះនឹង បញ្ហាផ្លាស់ប្តូរ បុគ្គលិកខ្ពស់។

ដោយមើលឃើញពីសក្តានុពលនិងបញ្ហាប្រឈម សម្រាប់អ្នកប្រកបមុខរបរ និង​ធ្វើ​ការងារ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទើបរាជរដ្ឋាភិបាលបានកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជា​អាទិភាព​ចម្បង​មួយ ក្នុងការចូលរួមជួយកែលម្អជីវភាពប្រជាជននិងជម្រុញការស្តារឡើងវិញ នូវកំណើន​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ តាមរយៈការលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព​ និង​ភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាអោយបាននូវភាពធន់ ភាពរីក​ចម្រើន​ទៅ​មុខ​នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និង​ការងារ​ចិញ្ចឹម​ជីវិត​នៅ​កម្ពុជា​។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ក៏​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​អោយ​អនុវត្ត​យុទ្ធ​សាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានដាក់ចេញ នូវគោលដៅចំនួន៤សំខាន់ៗដើម្បីអោយយុទ្ធសាស្ត្រខាងលើនេះសម្រេចបានជោគជ័យ​ នាសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣នេះ ៕