ពានរង្វាន់កោតសរសើរ “ AIBD Appreciation Award 2023 “ សម្រាប់ប្រទេសកម្ពុជា ខណៈរដ្ឋមន្រ្តីក្រសួងព័ត៌មាន សង្ឃឹមថា AIBD នឹងបន្តជួយដល់ក្រសួងព័ត៌មាន លើការងារបណ្តុះបណ្តាលធនធានមនុស្សបានកាន់តែច្រើនបន្ថែមទៀត

0
607

ភ្នំពេញ៖ ពានរង្វាន់នេះគឺជាការទទួលស្គាល់ការខិតខំប្រឹងប្រែងជាប់លាប់របស់កម្ពុជាក្នុងការបន្តបេសកកម្មរបស់ AIBD ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងលើវិស័យព័ត៌មានអោយមានការរីកចំរើន ពោលគឺ ពានរង្វាន់កោតសរសើរ “ AIBD Appreciation Award 2023 “ សម្រាប់ប្រទេសកម្ពុជា ពិសេស ក្រសួងព័ត៌មាន បានជួយដល់ AIBD ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់វិស័យផ្សព្វផ្សាយ និងរួមចំណែកដល់ការរីកចម្រើននៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករយៈពេល ២២ ឆ្នាំកន្លងមកនេះ ត្រូវបាន លោកស្រី ហ្វីឡូមីណា ញាណាប្រាហ្គាសាម  PhiloMena Gnanapra Gasam ) នាយកលេខាធិការដ្ឋាន វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD យកមកប្រគល់ជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។

តាមរយៈជោគជ័យនៃកិច្ចការងារដ៏ល្អនេះ លោកស្រី ហ្វីឡូមីណា ញាណាប្រាហ្គាសាម ស្នើដល់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បន្តជួយគាំទ្រធ្វើកិច្ចសហប្រតិបត្តិជាមួយAIBD អោយកាន់តែល្អប្រសើរថែមទៀត ហើយខាងAIBD សន្យាបន្តជួយធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន រួមទាំងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលាងលុយកង្វក់ ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD បានសំដែងនូវការចូលរួមអបអរសាទរចំពោះ ឯកឧត្តម នេត្រ ភក្រ្តា ដែលត្រូវបានឡើងកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ឯកឧត្តម រដ្ឋមន្រ្តី នៅតែបន្តការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរក្នុងវិស័យព័ត៌មាន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។

  ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អរវាងក្រសួងព័ត៌មានកម្ពុជា ជាមួយ AIBD អស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយ ឯកឧត្តម នឹងបន្តគាំទ្រដល់កិច្ចការងាររបស់ AIBD ទៅមុខទៀត ។ តាមរយៈនេះដែរ ឯកឧត្តម សង្ឃឹមថា AIBD នឹងបន្តជួយដល់ក្រសួងព័ត៌មាន លើការងារបណ្តុះបណ្តាលធនធានមនុស្សបានកាន់តែច្រើនបន្ថែមទៀត ព្រោះក្រសួង មានទីតាំងសមរម្យជាវិទ្យាស្ថានសម្រាប់កិច្ចការងារបណ្តុះបណ្តាល ដោយគ្រាន់តែខាង AIDB បញ្ជូនគ្រូបង្គោល មកឧទ្ទេសនាមពន្យល់បង្ហាត់បង្រៀនគឺជាការល្អ ហើយចំណាយតិចផងដែរ ៕