ពិព័រណ៍ផលិតផលខ្មែរ រួមចំណែកជួយផ្សព្វផ្សាយពីសភាពការណ៍ពិតជាក់ស្តែងនៃសង្គមកម្ពុជា​

0
604

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្ពោធជាផ្លូវការ ការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម និងមានការ​អញ្ជើញ​ចូលរួមពីឯកអគ្គរាជទូត អគ្គរដ្ឋទូតចំនួន ១១ប្រទេស , តំណាងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន, ប្រតិភូពាណិជ្ជករមកពីបណ្តាប្រទេសផ្សេងៗ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបផងដែរ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ពិធីនេះ បានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហគមន៍អន្តរជាតិ។

ព្រឹត្តិការណ៍នេះ បានរួមចំណែកជួយផ្សព្វផ្សាយពីសភាពការណ៍ពិតជាក់ស្តែង នៃសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងបង្ហាញពីបរិយាកាសធុរកិច្ច វិនិយោគ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស បានរួម​ចំណែកអនុវត្តគោលនយោបាយវិត្ថារកម្មរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ សំដៅជួយ​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងសមធម៌។

គួបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំ ឆ្នាំរៀបចំ​ដោយក្រសួងពាណិជ្ជកម្ម បានចំនួន ១៥ លើក រួចមកហើយ ចាប់តាំងពីការរៀបចំជាលើកដំបូង នៅឆ្នាំ២០០៦ កន្លងមក និងមានការចូលរួមគាំទ្រដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ៕