ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។
ក្នុងពិធីនោះដែរមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ ពីសំណាក់សម្តេចថ្នាក់ដឹកនាំកំពូលនៃ ស្ថាប័នជាតិ សម្តេចជាឥស្សរជនរបស់ជាតិ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធច្រើនរូបទៀត។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញបានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនិងស្ថាប័នពាក់ព័ន្ធ នានារៀបចំជាព្រះរាជពិធីអបអរទិវារំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឱ្យមានអធឹកអធមនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ដែលជាឆ្នាំ ពិសេសគម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ។ ប៉ុន្តែដោយមានសំណូមពរជាក់ស្ដែងព្រះរាជពិធីនេះត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ ក្រោយសភាធម្មនុញ្ញបានអនុម័តតាមឆន្ទៈរួម នៃប្រជារាស្ត្រខ្មែរ។ ទិវាជាប្រវត្តិសាស្ត្រនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចូលក្នុងប្រតិទិនឈប់សម្រាកកំរងប្រចាំឆ្នាំរបស់មន្ត្រីរាជការ និយោជិត កម្មករ។
គិតទៅដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាមានអាយុ៣០ឆ្នាំគត់ជារដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជា ធ្លាប់បានអនុវត្ត ។ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល៣០ឆ្នាំកន្លងមកនេះ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៣)ព្រះរាជា ណាក្រកម្ពុជាសម្រេចបានលទ្ធផលដ៏ធំធេងនិងប្រកា សដោយភាពជោគជ័យត្រចះត្រចង់ដែលញ៉ាំងឱ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុ ជា និងក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាន១៦ជំពូក និង១៥៨មាត្រា ។ នៅក្នុងបុព្វកថារបស រដ្ឋធម្មនុញ្ញក៏បានរំលេចសារដាស់តឿននិងរំលឹកដល់កូនខ្មែរផងដែរថាសង្រ្គាមបាន នាំកម្ពុជាឱ្យ អន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រ ខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តមប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហា សោកស្តាយ បានភ្ញាក់រលឹកក្រោកឈរ ទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិប តេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព»ទ្បើងវិញ។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ឆ្នាំ១៩៩៣ នេះត្រូវរដ្ឋសភាជាតិ ធ្វើវិសោធនកម្មចំនួន១០ លើកមកហើយ៕