ម៉ោង៥ល្ងាចនេះ ក្រុមហ្វូតសាលកម្ពុជា នឹងប៉ះ ជាមួយក្រុមខ្លាំងអ៊ីរ៉ាក់​ ក្នុងពាន AFC Futsal Cup 2024

0
48

ក្រុមបាល់ទាត់ហ្វូត​សាលកម្ពុជាត្រូវ​ប៉ះ​អ៉ីរ៉ាក់ ក្នុងព្រឹត្តិការណ៏ពានរង្វាន់ AFC Futsal Asian Cup 2024 វេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

នេះជាការប្រកួតលើកទី២ក្នុងពូល G របស់ក្រុមកម្ពុជា​ ក្រោយការប្រកួតទី១​ចាញ់អ៊ូបេគីស្ថាន ដោយលទ្ធផល ៦-១។ ស្រប​ពេល អ៉ីរ៉ាក់ បាន​យក​ឈ្នះ​លើ​ក្រុម​អាស៊ាន ម៉ាឡេស៊ី​ ដោយ​លទ្ធផល ២-១។ ការ​ប្រកួត​ជា​មួយ​គ្នា​នេះ អ៊ូបេគីស្ថាន ប៉ះ ម៉ាឡេស៊ី។

ក្នុង​ព្រឹត្តិការណ៍​ហ្វូតសាល​អាស៊ី​នេះ កាលពីឆ្នាំ២០០៤ ក្រុមកម្ពុជាបាន​បង្ហាញ​ខ្លួន​​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជា​លើក​ដំបូង​ ដោយ​ឆ្លងកាត់ការប្រកួត៤លើក ឈ្នះ១ និងចាញ់៣។

អ៉ីរ៉ាក់​នឹង​កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា​ធ្វើ​ការងារ​ធ្ងន់ ដោយសារ​ពួក​គេ​​មានបទពិសោធច្រើនក្នុងការប្រកួត AFC Futsal Asian Cup។ កំណត់ត្រាល្អបំផុត​​កាល​ពី​ឆ្នាំ២០១៨ អ៉ីរ៉ាក់ ទទួលចំណាត់ថ្នាក់លេង៤ ក្រោយចាញ់​អ៊ូបេគីស្ថានក្នុងបាល់ពិន័យ១១ម៉ែត្រដោយលទ្ធផល ១-២ ក្រោយស្មើគ្នា ៤-៤។

សម្រាប់​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុងពូល G ជាមួយ​ម្ចាស់​ផ្ទះ​អ៊ូបេ​គីស្ថាន, អ៊ីរ៉ាក់ និង​ម៉ា​ឡេស៊ី ក្នុង​ការ​ប្រកួតជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Asian Cup 2024 ដែល​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

 

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ប្រកួតជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Asian Cup 2024 ​ឆ្នាំនេះ​ដោយ​ក្រុមចូល​រួម​ចំនួន ​៣១ ត្រូវ​​ចាប់​ចូល​តាម​ពូល​នីមួយៗ ដើម្បីប្រកួត​ជម្រុះ ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​ ១៦​ឡើង​ទៅ​ជុំ​បន្ត​ស្វែង​រក​ជើង​ឯក។ពានរង្វាន់​នេះ​ធ្វើ​ឡើង​រាល់​២ឆ្នាំ​ម្តង​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម៉្លេះ ដោយ​​ក្រុម​ជប៉ុន ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ក្នុង​ឆ្នាំ​២០២២ ដែល​ប្រទេស​គុយវ៉ែត ជា​ម្ចាស់​ផ្ទះ ស្រប​ពេល​ដែល​ក្រុម​អ៊ីរ៉ង់ ក្រុម​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​១២​សម័យកាល៕