យុវជនក្រីក្រម្នាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់សម្តេចនាយករដ្ឋមន្ត្រី ជាយាន្តជួយគ្រួសារក្រីក្រ

0
670

យុវជនមកពីគ្រួសារក្រីក្រម្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ សប្បាយចិត្តជាខ្លាំងដោយសារបានបន្តការសិក្សាលើជំនាញបច្ចេកទេសវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្រោមគម្រោងថ្នាក់ជាតិស្តីពីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល។

ក្នុងនាមជាសិស្សក្រីក្រម្នាក់ យុវជនឃា សុគុន បានលើកឡើងថា វគ្គសិក្សានេះ អាចសម្រួលជីវភាពគ្រួសារក្រីក្រ ផ្តល់ជំនាញច្បាស់លាស់ និងសមត្ថភាពពេញលេញ ក្នុងការស្វែងរកការងារល្អប្រសើរ មានប្រាក់ខែសមរម្យ ដែលអាចជួយស្ថានភាពគ្រួសារ និងប្រទេសជាតិបាន។

ក្រៅពីនេះ យុវជនមកពីគ្រួសារក្រីក្រមួយនេះ បានអគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលផ្តល់ឱកាសឱ្យគេ មកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យផ្សេងទៀត ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។

មានដើមកំណើតមកពីខេត្តកំពង់ធំ យុវជន ឃា សុគុន មានក្តីស្រម៉ៃចង់កា្លយជាម្ចាស់អាជីវកម្មតូចមួយនៅស្រុកកំណើតដោយយកជំនាញដែលបានសិក្សានៅភ្នំពេញជាយាន្ត។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕