យុវជនក្រីក្ររំពឹងថាខ្លួននឹងមានការងារមួយច្បាស់លាស់ មានប្រាក់ចំណូលសមសមរម្យ បន្ទាប់ពីរៀនចប់ជំនាញធុរៈកិច្ចភេសជ្ជៈ

0
64

យុវជនក្រីក្រដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ មានក្តីរំពឹងថាខ្លួននឹងអាចបម្រើការងារជាបុគ្គលិកនៅហាងកាហ្វេ ហើយនឹងអាចបើកហាងកាហ្វេតូចមួយដោយខ្លួនឯងបន្ទាប់ពីបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកជំនាញកាហ្វេចប់នារយៈពេល៤ខែខាងមុខ។

ជាយុវតីមកពីខេត្តបន្ទាយមានជ័យ កញ្ញា ហៀត រក្សា កំពុងសិក្សាជំនាញវិជ្ជាជីវៈផ្នែកធុរៈភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្ត បានលើកឡើងថា៖«រៀនចប់រយៈពេល៤ខែផ្នែកជំនាញកាហ្វេនៅទីនេះខ្ញុំអាចទៅបម្រើការងារនៅហាងកាហ្វេបានដែលវាជាជំហានដំបូងរបស់ខ្ញុំ និងបន្ទាប់មកទៀតខ្ញុំមានក្តីបំណងចង់បើកជាហាងកាហ្វេតូចៗដោយខ្លួនឯងបាន»។

យុវតីរូបនេះពន្យល់ថាខ្លួនបានជ្រើសយកជំនាញកាហ្វេនេះដោយសារនៅកម្ពុជានាពេលបច្ចុប្បន្ន កាហ្វេគឺជាភេសជ្ជៈមួយដែលពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា ដូច្នេះទីផ្សារការងារផ្នែកកាហ្វេក៏ល្អដែរនាពេលបច្ចុប្បន្ននេះ។ ការរៀនជំនាញធុរៈកិច្ចកាហ្វេនេះយុវតីសង្ឃឹមថាខ្លួននិងអាចមានការងារមួយច្បាស់លាស់ និងប្រាក់ចំណូលសមរម្យដែលធ្វើឱ្យជីវភាពគ្រួសារបានប្រសើជាងនេះនៅពេលអនាគត។

យុវជន ព្រំ ពេជ្រ មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ ដែលកំពុងសិក្សាជំនាញធុរៈកិច្ចភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តលើកឡើងដែរថា៖«ការចង់ចេះឆុងកាហ្វេនេះគឺជាជំនាញមួយនៅក្នុងក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចបើកហាងកាហ្វេតូចមួយសម្រាប់ខ្លួនឯងនៅពេលអនាគត»។

យុវជនរូបនេះបន្ថែមថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបានសិក្សាជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ មានប្រាក់ចំណូមសមរម្យ។ យុវជនរូបនេះរំពឹងថាខ្លួននឹងជាអ្នកស្រោចស្រង់ជីវភាពគ្រួសារបានប្រសើរជាងពេលបច្ចុប្បន្ន ខណៈដែលគ្រួសារក្រីក និងឱពុកម្តាយកាន់តែជរាទៅពីមួយថ្ងៃទៅថ្ងៃ។

គូសបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅបានបោះជំហានទៅមួយដំណាក់កាលទៀតហើយ ដោយកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលចូលរៀនជាផ្លូវការនៅទូទាំងប្រទេស៕