យុវជនរាប់រយនាក់បន្តចុះឈ្មោះចូលរៀនជំនាញ ក្រោយប្រកាសបើកបវេសនកាលវគ្គទី១

0
231

យុវជនរាប់រយនាក់នៅតែបន្តមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាបន្តបន្ទាប់ ក្រោយប្រកាសបើកបវេសនកាលវគ្គទី១ ប្រព្រឹត្តទៅយ៉ាងរលូននៅទូទាំងប្រទេស។ នេះបើតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣។

បើតាមឯកឧត្តម ក្រសួងការងារបានបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គដំបូងកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ថ្មីៗកន្លងទៅ ដែលក្នុងនោះមានសិស្សចំនួន១៥០០០នាក់ ត្រូវបានបែងចែកជា ៥០០ថ្នាក់បច្ចេកទេសនៅទូទាំងប្រទេស។

ឯកឧត្តមបន្តថា៖«បន្ទាប់ពីបើកវគ្គនៃការបណ្តុះបណ្តាលដំបូងនេះរួច នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសនៅតែទទួលបានយុវជនបានមកចុះឈ្មោះចូលរៀនជំនាញជាបន្តបន្ទាប់នៅទូទាំងប្រទេសដដែល ខណៈគិតត្រឹមថ្ងៃទី១៨ មករានេះក្រសួងការងារទទួលបានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៣២៧នាក់ហើយ»។

ឯកឧត្តមគូសបញ្ជាក់ថា បើទោះបីជាក្រសួងការងារបានបើកបវេសនកាលវគ្គទី១ជាផ្លូវការរួចហើយយ៉ាងណាក្តី ក៏ប៉ុន្តែនៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសនៅតែបន្តទទួលយុវជនចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលនេះ ពោលគឺយុវជនដែលមិនទាន់បានចុះឈ្មោះវគ្គទី១នៅតែអាចមកចុះឈ្មោះចូលរៀនជំនាញនេះបានជារៀងរាល់ថ្ងៃ។

ឯកឧត្តមបានអំពាវនាវឱ្យអាណាព្យាបាល និងយុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានទាំងឡាយណាដែលនៅក្បែរពួកគេ។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងដែលមានយុវជនចំនួន១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស៕